សម្តេចតេជោ ហ៊ុន សែន ផ្តល់ទស្សនៈសំខាន់ៗចំនួន៤ ដើម្បីរួមចំណែកលើកកម្ពស់ជនមាន ពិការភាពនៅក្នុងសហគមន៍ និងក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

(ភ្នំពេញ)៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទជនមានពិការភាព ប្រចាំតំបន់អាស៊ីប៉ាស៊ី ហ្វិកលើកទី៥ ឆ្នាំ២០២៣ ដែលបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់នូវទស្សនៈ សំខាន់ៗចំនួន៤ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ជនមានពិការភាព ប្រកបដោយបរិយាប័ន្នក្នុង សហគមន៍ និងក្នុងដំណើរការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យបានច្រើនជាអតិបរមា។

ទស្សនៈសំខាន់ៗទាំង៤ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងនោះរួមមាន៖

* ទី១៖ គ្រប់កិច្ចអភិវឌ្ឍរួមមាន សកម្មភាពសង្គម សេដ្ឋកិច្ចនយោបាយ និងវប្បធម៌ត្រូវលើកទឹកចិត្ត និងលើកកម្ពស់ឱ្យមានការចូលរួមជាអតិបរមារបស់ជនមានពិការភាពនៅកម្រិតសហគមន៍ឱ្យបានទូលំទូលាយ ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ទាំងទិដ្ឋភាព និងតួអង្គនៃការ អភិវឌ្ឍ។

* ទី២៖ បង្កើនកិច្ចសហការរវាងប្រជាជន រដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងសង្គមស៊ីវិលត្រូវបានលើកទឹក ចិត្ត សំដៅចែករំលែកបទពិសោធ ផ្លាស់ប្តូរបច្ចេកវិទ្យាព័ត៌មាន និងឧត្តមានុវត្តន៍ជាក់ស្តែង ជាពិសេស មតិយោបល់ល្អៗនៃកិច្ចពិភាក្សាគ្នាក្នុងរយៈពេល ៣ថ្ងៃនៃសន្និសីទនេះ សម្រាប់ជាធាតុចូលដល់ ការសម្រួចបន្ថែមលើផែនការអភិវឌ្ឍវិស័យពិការភាពនៅកម្រិត សហគមន៍ឱ្យបានកាន់តែស៊ីជម្រៅ។

* ទី៣៖ សម្តេចបានលើកទឹកចិត្តឱ្យបង្កើនកិច្ចសហការរៀបចំការបណ្តុះបណ្តាលជំនាញពិសេស និងប្រើប្រាស់បច្ចេកទេស សមស្របសម្រាប់ការសិក្សារបស់ជនមានពិការភាព ដើម្បីលើកកម្ពស់ សមត្ថភាព និងលទ្ធភាពទទួលបានការងារធ្វើជាមួយបៀវត្សខ្ពស់ ក៏ដូចជាធ្វើឱ្យជនមានពិការភាព អាចចូលរួមកាន់តែច្រើន ពេញលេញ និងស្មើសិទ្ធិក្នុងទីផ្សារការងារ ទាំងក្នុងវិស័យឯកជន និងវិស័យ សាធារណៈ។

* ទី៤៖ សម្តេចបានលើកទឹកចិត្តឱ្យបន្តពង្រឹងអនុវត្ត និងពង្រីកការអភិវឌ្ឍសហគមន៍ប្រកបដោយ បរិយាប័ន្ន មានប្រសិទ្ធភាព និងទូលំទូលាយ និងសូមអំពាវនាវឱ្យមានការចូលរួមជាមួយគ្នា ក្នុង ស្មារតីជីវភាពនៃប្រព័ន្ធតួអង្គតែមួយ ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍ហ្សាកាតា ស្តីពីទសវត្សរ៍ជន មានពិការភាពប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ ២០២៣-២០៣២ ដើម្បីជាគុណប្រយោជន៍ដល់ ជនមានពិការភាព ទាំងក្នុងប្រទេស តំបន់ និងសកល។

សូមបញ្ជាក់ដែរថា សន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានប្រារព្ធឡើង ចំនួន៤លើករួចមកហើយ ដែលលើកទី១ នៅប្រទេសថៃ ក្នុងឆ្នាំ២០០៩, លើកទី២ នៅប្រទេស ហ្វីលីពីនក្នុងឆ្នាំ២០១២, លើកទី៣ នៅប្រទេសជប៉ុន ក្នុងឆ្នាំ២០១៥ និងលើកទី៤ នៅប្រទេសម៉ុង ហ្គោលីក្នុងឆ្នាំ២០១៩ ដែលកាលនោះសន្និសីទបានឯកភាពសម្រេចស្នើសុំកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀប ចំសន្និសីទលើកទី៥នេះ ដោយមានកិច្ចសហការរួមគ្នា ជាមួយបណ្តាញការងារស្តារលទ្ធភាព ពលកម្មអាស៊ីប៉ាស៊ីហ្វិក៕