សម្តេចតេជោ ហ៊ុន សែន លើកឡើងថា អ្នកខ្លះចូលចិត្តណាស់រឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ប៉ុន្តែបែរជាមើលរំលងសិទ្ធិរស់រានមានជីវិត

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរិះគន់អ្នកនយោបាយ និងបុគ្គល មួយចំនួនទៀត ដែលចូលចិត្តណាស់រឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ប៉ុន្តែបែរជាមើលរំលង សិទ្ធិរស់រានមានជីវិត។

ថ្លែងក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ និងសំណេះ សំណាលជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ ចំពោះសុខមាលភាពប្រជាពលរដ្ឋ មិនមែននៅទីក្រុងទេ គឺពង្រាយដល់ជនបទ ដោយសារតែរាជ រដ្ឋាភិបាលតែងយកអាទិភាពជាងគេ គឺសិទ្ធិរស់រានមានជីវិត។ សម្តេចបញ្ជាក់ដូច្នេះថា៖ «អ្នកខ្លះចូលចិត្តណាស់និយាយពីរឿង “សិទ្ធិមនុស្ស ប្រជាធិបតេយ្យ” ក៏ប៉ុន្តែសិទ្ធិរស់រានមានជីវិតហាក់ដូចជាធ្វើរំលង បញ្ហាសន្តិភាព ឬសង្គ្រាមគឺពួកគេចង់តែបំផ្លាញ ប៉ុន្តែអត់ដឹងថា សង្គ្រាមហ្នឹងសម្លាប់មនុស្សទេ»

សម្តេចបានបន្តថា ប្រសិនបើមិនបានគិតដល់សិទ្ធិរស់រានមានជីវិតនោះសិទ្ធិអ្វីផ្សេងទៀត ក៏ត្រូវបាត់ បង់ដែរ រាប់ទាំងសិទ្ធិធ្វើសកម្មភាពនយោបាយ និងសកម្មភាពអង្គការសង្គមស៊ីវិលផងដែរ។ សម្តេចបានបន្ទោស​ក្រុមអ្នកមើលរំលងសិទ្ធិរស់រានមានជីវិតទាំងនោះថា មិនយល់អំពីឫសគល់ នៃសិទ្ធិ ដែលចាប់ផ្តើមពីសិទ្ធិរស់រានមានជីវិត។

សម្តេចបានបញ្ជាក់ទៀតថា៖ «រាជរដ្ឋាភិបាល ធ្វើអ្វីក៏ធ្វើដែរឱ្យតែជីវិតប្រជាជនគង់វង្ស បន្ទាប់ពីនោះ ចាំនិយាយទៅដល់សិទ្ធិផ្សេង ប៉ុន្តែអ្នកដទៃគិតថា នៅពេលដែលយើងយកចិត្តទុកដាក់ទៅលើសិទ្ធិ រស់រានមានជីវិត បែរជារអ៊ូរទាំជាមួយយើងថា “មិនបានគិតអំពីសិទ្ធិបញ្ចេញមតិ មិនបានគិតអំពីសិទ្ធិម​នុស្ស”»