ប្រមុខចារកម្មអាមេរិកមើលឃើញថា ចិន និងរុស្ស៉ី នៅតែបន្ត «ទំនាក់ទំនងដ៏ផ្អែមល្ហែម»


 (វ៉ាស៉ីនតោន)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា ឆ្នាំ២០២៣ បានអោយដឹងថា ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក នៅថ្ងៃពុធ សប្តាហ៍នេះបាននិយាយថា ប្រទេសចិននឹងពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយរុស្ស៊ីដើម្បី ព្យាយាមប្រជែងជាមួយសហរដ្ឋអាមេរិក បើទោះបីជាមានការថ្កោលទោសជាអន្តរជាតិចំពោះការ ឈ្លានពានអ៊ុយក្រែនក៏ដោយ។

នៅចំពោះមុខគណៈកម្មាធិការស៊ើបការណ៍សម្ងាត់ព្រឹទ្ធសភា ដែលបានបើកសវនាការប្រចាំឆ្នាំរបស់ ខ្លួន ដើម្បីវាយតម្លៃលើការគំរាមកំហែងទូទាំងពិភពលោកចំពោះសន្តិសុខសហរដ្ឋអាមេរិក ក្រុមមន្រ្តី ចារកម្ម បានផ្តល់របាយការណ៍ថា ថ្វីបើមានប្រតិកម្មជាសកលជុំវិញការឈ្លានពានរបស់រុស្ស៊ីមកលើ អ៊ុយក្រែនក៏ដោយ ក៏ចិននឹងរក្សាកិច្ចសហប្រតិបត្តិការការទូត ការពារជាតិ សេដ្ឋកិច្ច និងបច្ចេកវិទ្យា ជាមួយរុស្ស៊ី ដើម្បីបន្តព្យាយាមប្រជែងជាមួយសហរដ្ឋអាមេរិក។

លោកស្រី អាវរីល ហែនណេស (Avril Haines) ដែលជាប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ មួយនេះ ក៏បានគូសបញ្ជាក់ផងដែរថា «ប្រហែលជាមិនចាំបាច់ត្រូវរៀបរាប់ច្រើនទេ បញ្ហាដែលចិន កំពុងបង្កើនការប្រកួតប្រជែង ជាមួយសហរដ្ឋអាមេរិកលើវិស័យសេដ្ឋកិច្ច បច្ចេកវិទ្យា នយោបាយ និងយោធា នៅជុំវិញពិភពលោក នៅតែជាអាទិភាពរបស់យើង។ ដើម្បីបំពេញទស្សនវិស័យរបស់មេដឹកនាំចិន លោក ស៉ី ជិនពីង ក្នុងការប្រែក្លាយប្រទេសឲ្យទៅជា មហាអំណាចមួយ បក្សកុម្មុយនិស្តចិន (CCP) ជឿជាក់កាន់តែខ្លាំងថា ដើម្បីធ្វើបែបនោះបានលុះត្រា តែខ្លួនអាចប្រជែងអំណាច និងឥទ្ធិពលជាមួយសហរដ្ឋអាមេរិកប៉ុណ្ណោះ»

អំឡុងពេលសួរដេញដោលសមាជិកព្រឹទ្ធសភាមួយដែលមានជំហរប្រឆាំងនឹងគណបក្សប្រជាធិបតេយ្យ លោក អង់ហ្គូស ឃីង (Angus King) បានស្នើសុំទស្សនៈរបស់លោកស្រី ហែនណេស ជុំវិញ ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងមូស្គូ ដោយចោទជាសំណួរថាតើវាជាភាពផ្អែមល្ហែម បណ្ដោះអាសន្ន ឬយូអង្វែង?។ លោកស្រី ហែនណេស បានឆ្លើយតបយ៉ាងដូច្នេះថា «វាជាទំនាក់ ទំនងដែលកំពុងបន្តហើយកាន់តែស៊ីជម្រៅ។ តែយើងស្ទាក់ស្ទើរក្នុងការកំណត់លក្ខណៈនៃចំណងមិត្តភាពទីក្រុងប៉េកាំង និងមូស្គូ ថាល្អពិតប្រាកដ។ វានៅមានដែនកំណត់មួយចំនួនពីភាពជាដៃគូនោះ»