(កង់បេរ៉ា)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា ឆ្នាំ២០២៣ អោយដឹងថា អូស្រ្តាលី ត្រូវបានរំពឹងថានឹងទិញនាវាមុជទឹកដើរដោយថាម ពលនុយក្លេអ៊ែរធុន US Virginia ចំនួន៥គ្រឿងពីសហរដ្ឋអាមេរិក នៅក្នុងទសវត្សរ៍ឆ្នាំ២០៣០ ក្រោម ក្របខណ្ឌនៃកិច្ចព្រមព្រៀងសន្តិសុខប៉ាស៊ីហ្វិកត្រីភាគីជាមួយសហរដ្ឋអាមេរិក និងចក្រភព អង់គ្លេស។
សេចក្ដីរាយការណ៍ខាងលើរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើឡើង ស្របពេលនាយករដ្ឋ មន្ត្រីអូស្ត្រាលី Anthony Albanese គ្រោងនឹងជួបពិភាក្សាជាមួយប្រធានាធិបតី អាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៉ី ស៊ូណាក់ (Rishi Sunak) ក្នុងទីក្រុង San Diego នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ដើម្បីដាក់ចេញជំហានបន្ទាប់របស់ AUKUS។ Reuters ដោយផ្អែកលើ ប្រភពដែលខ្លួនទទួលបានពីមន្ត្រីអាមេរិក ៤នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបញ្ជាក់ ទៀតថានៅដើមទសវត្សរ៍ឆ្នាំ២០៣០ អូស្រ្តាលីនឹង ទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ធុន Virginia ចំនួន៣គ្រឿងពីសហរដ្ឋអាមេរិក ជាមួយជម្រើសទិញ២គ្រឿងបន្ថែមទៀត។ មន្ត្រីដដែលនេះក៏បានឱ្យដឹងដែរថា សហរដ្ឋអាមេរិក អាចនឹងបញ្ជូននាវាមុជទឹករបស់ខ្លួនមួយចំនួន ទៅកាន់តំបន់ភាគខាងលិចនៃប្រទេសអូស្ត្រាលី នៅឆ្នាំ២០២៧។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិសុខត្រីភាគី AUKUS ត្រូវបានបង្កើតឡើងដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី កាលពីខែកញ្ញា ឆ្នាំ២០២១ ហើយក្រុមអ្នកវិភាគ ជាច្រើនជឿថា កិច្ចព្រមព្រៀងនេះមានគោលដៅខ្ទប់ការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕