មេដឹកនាំគណបក្សប្រឆាំងបេឡារុស ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ១៥ឆ្នាំ ពីបទក្បត់ជាតិ

(ឡុងដ៍)៖ មេដឹកនាំបក្សប្រឆាំងបេឡារុស កំពុងរស់នៅនិរទេសខ្លួននៅឯបរទេស លោកស្រី ស្វីយ៉ាតឡាណា ស៉ីខានូស្កាយ៉ា (Sviatlana Tsikhanouskaya) ត្រូវបានតុលាការនៅក្នុងប្រទេសបេឡារុស ផ្ដន្ទាទោសដោយកំបាំងមុខ ដាក់ពន្ធនាគារ១៥ឆ្នាំ ពីបទក្បត់ជាតិ និងសមគំនិតដណ្ដើមអំណាច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣។
លោកស្រី ស៉ីខានូស្កាយ៉ា មានអាយុ៤០ឆ្នាំ និងជាអតីតគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ បានភៀសខ្លួនចេញពីប្រទេសបេឡារុស ទៅកាន់ប្រទេសលីទុយអានី កាលពីឆ្នាំ២០២០ បន្ទាប់ពីលោកស្រីបានចូលរួម ក្នុងការប្រកួតប្រជែងជាមួយប្រធានាធិបតីបេឡារុសសព្វថ្ងៃ លោក អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) នៅក្នុងការបោះឆ្នោតប្រធានាធិបតី ដែលលទ្ធផលផ្លូវការនៅពេលនោះបង្ហាញថា លោក លូកាសិនកូ ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី។ តែក្រុមអ្នកប្រឆាំងអះអាងថាការបោះឆ្នោតត្រូវបានលួចបន្លំ និងជាការរៀបចំឱ្យលោក លូកាសិនកូជាអ្នកឈ្នះ។
ជុំវិញការប្រកាសសាលក្រមផ្តន្ទាទោសខាងលើ លោកស្រី ស៉ីខានូស្កាយ៉ា បាននិយាយថាវាគ្រាន់តែជាការដាក់ទណ្ឌកម្មប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រី ក្នុងការលើកកម្ពស់ប្រជាធិបតេយ្យ តែប៉ុណ្ណោះ។ «ការកាត់ទោសខ្ញុំដាក់ពន្ធនាគារ ១៥ឆ្នាំ បានបង្ហាញថារបបដឹកនាំមួយនេះកំពុងការដាក់ទណ្ឌកម្មប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្ញុំ ដើម្បីប្រជាធិបតេយ្យ និងការផ្លាស់ប្ដូរនៅបេឡារុស»។ នេះជាការគូសបញ្ជាក់របស់មេដឹកនាំគណបក្សប្រឆាំងរូបនេះ។