(វ៉ាស៉ីនតោន)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣ គឺ អាជ្ញាធរអាមេរិកបានឱ្យដឹងកាលពីថ្ងៃពុធសប្តាហ៍នេះថា ប៉ូលិស FBI បានចាប់ខ្លួន បុរសម្នាក់ ដែលជាប់សង្ស័យថាបានព្យាយាមនាំយក គ្រឿងផ្ទុះឡើងលើយន្តហោះ នៅក្នុងរដ្ឋផេន ស៉ីលវ៉ានៀ (Pennsylvania) នៃសហរដ្ឋអាមេរិក។
គ្រឿងផ្ទុះខាងលើដែលជាគ្រាប់បែកកែច្នៃ ត្រូវបានរកឃើញដោយបុគ្គលិករបស់រដ្ឋបាលសន្តិសុខផ្នែកដឹកជញ្ជូន TSA កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីវ៉ាលីរបស់បុរសជាជនសង្ស័យ បាន បង្កឱ្យមានសំឡេងប្រកាសអាសន្ន នៅពេលឆ្លងកាត់ការត្រួតពិនិត្យ នៅក្នុងអាកាសយានដ្ឋាន អន្តរជាតិ លីហៃ វ៉ាឡេ (Lehigh Valley International Airport) ដែលស្ថិតក្នុងទីក្រុងអេលែនថោន (Allentown)។ ទីតាំងមួយផ្នែកនៃព្រលានយន្តហោះនោះ ត្រូវបានជម្លៀសមនុស្សចេញ ដើម្បីជា វិធានការបង្ការ។
គួរបញ្ជាក់ថា ជនសង្ស័យខាងលើ ត្រូវបានប៉ូលិសអាមេរិក កំណត់អត្តសញ្ញាណបានថា មានឈ្មោះ ម៉ាក ម៉ាហ្វលី (Mark Muffley) ដែលបានគេចខ្លួនចេញពីអាកាសយានដ្ឋាន Lehigh Valley បន្ទាប់ត្រូវបានកោះហៅឱ្យបង្ហាញខ្លួននៅបញ្ជរសន្តិសុខរបស់ព្រលានយន្តហោះ។ ក្រោយមក បុរសម្នាក់នោះក៏ត្រូវបានក្រុមភ្នាក់ងារ FBI ចាប់ខ្លួននៅនឹងផ្ទះរបស់លោកផ្ទាល់ ដើម្បីយកទៅ សួរចម្លើយ៕