(បារាំង)៖ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ច ប្រទេសបារាំង ដើម្បីចូលរួមពិព័រណ៌កសិកម្មនៅទី ក្រុងប៉ារីស, ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឆ្លៀងពេល វេលាជួបសំណេះសំណាល ជាមួយបងប្អូនខ្មែររស់នៅប្រទេសបារាំង។
ក្នុងជំនួបនោះ ឯកឧត្តម រដ្ឋមន្ត្រីបានជម្រាបជូនបងប្អូនខ្មែរ អំពីគោលបំណងនៃទស្សនកិច្ចរបស់ លោកមកកាន់ប្រទេសបារាំង ដើម្បីសិក្សាស្វែងរកទីផ្សារ សម្រាប់កសិផលកម្ពុជា នៅក្នុងប្រទេស បារាំងនិយាយដោយឡែក និងនៅក្នុងសហគមន៍អឺរ៉ុប និយាយជារួម។
ឯកឧត្តម រដ្ឋមន្ត្រីបានលើកឡើង ពីសក្តានុពលនៃផលិតផលកសិកម្មកម្ពុជា ដែលរួមមាន អង្ករផ្កា រំដួលកម្ពុជា បានជាប់ជាអង្ករល្អដាច់គេ នៅលើពិភពលោកចំនួន៥លើក, ស្ករត្នោត រួមទាំងកសិក ផលផ្សេងៗទៀតដូចជា ផ្លែចេក និងស្វាយជាដើម។
ក្នុងជំនួបដ៏ស្និតស្នាល និងរីករាយនោះ ឯកឧត្តម រដ្ឋមន្ត្រី ឌិត ទីណា ក៏បានអំពាវនាវឲ្យប្រជាពល រដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងប្រទេសបារាំង រួបរួម និងទុកចិត្តគ្នា ដើម្បីជួយឲ្យកសិផលខ្មែរ អាច ឈានចូលទីផ្សារប្រទេសបារាំង និងអឺរ៉ុប ឲ្យបានកាន់តែច្រើន តាមរយៈការវិនិយោគដាក់ទុនរួម គ្នាក្តី។
ឯកឧត្តម ឌិត ទីណា បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្មែរយើងនៅបារម្ភរឿងមិនទុកចិត្តគ្នា ដោយសារ យើងចេញពីជំនាន់ ប៉ុល ពត ដែលមានចំណុចនៅសល់ពីជំនាន់នោះ គឺការមិនទុកចិត្តគ្នា ប៉ុន្តែឥឡូវ សង្គមថ្មី វិធីសាស្ត្រថ្មី យើងទុកចិត្តគ្នា ទើបយើងអាចធ្វើបានធំ បើសិនមិនទុកចិត្តគ្នា នៅតែមិនរីក ចម្រើនលឿនទេ ប៉ុន្តែបើធ្វើការជាមួយគ្នា គឺពិតជាងាយស្រួល។ ខ្ញុំសង្ឃឹមថា នៅក្នុងសករាជថ្មី ខ្មែរយើងអាចជោគជ័យជុំគ្នាបាន ដោយការទុកចិត្ដគ្នា ដើម្បីឲ្យសេដ្ឋកិច្ចជាតិ កាន់តែមានការរីក ចម្រើន»។
បើតាមលោករដ្ឋមន្ត្រី ក្នុងឱកាសចូលរួមក្នុងពិព័រណ៍កសិកម្មនៅទីក្រុងប៉ារីស បានសម្លឹងឃើញពី លទ្ធភាព ក្នុងធ្វើពាណិជ្ជកម្មកសិផលជាមួយបារាំង ដោយកម្ពុជាអាចនឹងនាំចូលផ្លែប៉ោមពីបារាំង ហើយបារាំងអាចនាំចេញផ្លែស្វាយ និងផ្លែចេកពីកម្ពុជា នៅពេលខាងមុខ។
សូមជម្រាបថា រដ្ឋមន្ដ្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមពិព័រណ៌កសិកម្មនៅទីក្រុង ប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ រហូតដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣៕