(តៃប៉ិ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣ គឺ តៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ពីវត្តមានយន្ដហោះចម្បាំងរបស់កងទ័ព អាកាសចិនទ្រង់ទ្រាយធំ ២ថ្ងៃជាប់ៗគ្នា នៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ ខ្លួន ជាមួយយន្ដហោះចម្បាំង ២១គ្រឿង ខណៈទីក្រុងប៉េកាំងបន្តបង្កើនការដាក់សម្ពាធលើទីក្រុង តៃប៉ិ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយអមជាមួយផែនទី ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ថាក្នុងរយៈ ពេល ២៤ម៉ោងចុងក្រោយនេះ យន្ដហោះចម្បាំង J-10 ចំនួន ១៧គ្រឿង និងយន្ដហោះចម្បាំង J-16 ចំនួន ៤គ្រឿងរបស់កងទ័ពអាកាសចិន បានហោះចូលភាគនិរតីនៃតំបន់កំណត់អត្តសញ្ញាណ ការពារដែនអាកាសរបស់តៃវ៉ាន់។ ផែនទីដដែលនេះក៏បានបង្ហាញដែរថាក្រុមយន្ដហោះចម្បាំងចិន J-10 បានហោះជិតឆ្នេរសមុទ្រចិន ជាងតៃវ៉ាន់ ខណៈក្រុមយន្ដហោះចម្បាំង J-16 បានហោះទៅ ក្បែរភាគឦសាននៃដែនកោះប្រាតាស់ (Pratas) គ្រប់គ្រងដោយតៃវ៉ាន់។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្ដាហ៍នេះ ក្រសួងការពារជាតិតៃវ៉ាន់ ក៏បានអះអាងដែរថាយន្តហោះ ចម្បាំងរបស់កងទ័ពអាកាសចិនចំនួន ១៩គ្រឿង បានហោះចូលក្នុងតំបន់កំណត់អត្តសញ្ញាណ ការពារដែនអាកាសរបស់ខ្លួន ឬ ADIZ ហើយដូចទម្លាប់រាល់ដង កងកម្លាំងតៃវ៉ាន់បានតាមដាន សកម្មភាពនេះ រួមមានទាំងការចល័តយន្តហោះចម្បាំង ដែលជាធម្មតាធ្លាប់ប្រើប្រាស់ ដើម្បីឆ្លើយតប ចំពោះសកម្មភាពរបស់យន្តហោះចម្បាំងចិនបែបនេះ៕