អាល់កៃដា ៖ ក្រុមអាល់កៃដានៅឧបទ្វីបអារ៉ាប់កាលពីថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈបានបញ្ជាក់ពីការស្លាប់របស់មេដឹកនាំរបស់ខ្លួនគឺលោក Qassim al-Rimi និងតែងតាំងអ្នកស្នងតំណែងថ្មីម្នាក់ទៀតបន្តបន្ទាប់ពីសហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួនបានកម្ចាត់មេដឹកនាំសកម្មប្រយុទ្ធឥស្លាមរូបនោះ នៅប្រទេសយេម៉ែន។ នេះបើយោងតាមប្រភពពី CNA ។
បណ្តាញអ្នកឃ្លាំមើលក្រុមប្រដាប់អាវុធ នៅទូទាំងពិភពលោកដែលហៅថា SITE (SITE Intelligence Group) បានគូសបញ្ជាក់ថា សេចក្តីប្រកាសខាងលើនេះត្រូវបានធ្វើឡើង ក្នុងការសន្ទនាជាសារសំឡេងមួយ ដែលបានផ្តល់ដោយមន្ត្រីផ្នែកសាសនាម្នាក់នៃក្រុមនេះ ដែលមានឈ្មោះថា Hamid bin Hamoud al-Tamimi)។ នៅក្នុងសុន្ទរកថារបស់លោក Tamimi ក៏បានឲ្យដឹងដែរថា លោក Khalid bin Umar Batarfi នឹងក្លាយជាមេដឹកនាំថ្មីនៃក្រុម AQAP នេះផងដែរ។
SITE បាននិយាយថាលោក Batarfi បានបង្ហាញខ្លួននៅក្នុងវីដេអូរបស់ AQAP ជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយហាក់ដូចជាអនុប្រធាន និងជាអ្នកនាំពាក្យក្រុមរបស់លោក Rimi ផងដែរ។
ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសពីមរណភាពរបស់លោក Rimi កាលពីដើមខែនេះដោយនិយាយថាលោកត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មនៅអាមេរិកនៅយេម៉ែន។
ការប្រកាសនោះបានធ្វើឡើងភ្លាមៗបន្ទាប់ពី AQAP បានអះអាងទទួលខុសត្រូវចំពោះការបាញ់ប្រហារទ្រង់ទ្រាយធំកាលពីថ្ងៃទី៦ខែធ្នូនៅមូលដ្ឋានកងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅរដ្ឋផ្លរីដា ដែលក្នុងនោះមន្ត្រីកងទ័ពអាកាសអារ៉ាប៊ីសាអូឌីតម្នាក់បានសម្លាប់នាវិកអាមេរិក ៣ នាក់៕