ភ្នំពេញ ÷ ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានហាមមិនឲ្យមានការតែងតាំងមន្ត្រីពីថ្នាក់ក្រសួង ទៅដណ្តើមតួនាទីនៅថ្នាក់មូលដ្ឋានដាច់ខាត។ សម្តេចតេជោ បានព្រមានដកតំណែង ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត ដែលអវត្តមាន ក្នុងកិច្ចប្រជុំ៣ដង ឬលើសពីនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានហាមមិនឲ្យមានការតែងតាំងមន្ត្រីពីថ្នាក់ក្រសួង ទៅដណ្តើមតួនាទីនៅថ្នាក់មូលដ្ឋានដាច់ខាត ព្រោះវាធ្វើឲ្យមន្ត្រីដែលខិតខំបំពេញតួនាទីជាយូរឆ្នាំ មិនបានឡើងឋានៈ បុណ្យស័ក្ត រឺតួនាទី។ សម្តេចតេជោ បានប្រាប់ឲ្យចៅហ្វាយខេត្ត ចាត់វិធានការចំពោះមន្ត្រីឡេមឡឺម មិនសូវធ្វើការងារ ប៉ុន្តែពូកែស្វែងរកកន្លែង តែងតាំង និងលាភសក្តារៈ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៏ថា មកដល់ពេលនេះ ថ្នាក់មូលដ្ឋាន កាន់តែទទួលខុសត្រូវធំជាងមុន ត្បិតរាជរដ្ឋាភិបាល បានប្រតិភូអំណាច និងមុខងារទៅថ្នាក់មូលដ្ឋានយ៉ាងច្រើន ដើម្បីឲ្យមូលដ្ឋានមានសិទ្ធិសំរេច និងដោះស្រាយបញ្ហាឲ្យកាន់តែមានប្រសិទ្ធភាព។
រាជរដ្ឋាភិបាល ក៏បានសម្រេច បន្ថែមថវិកាទៅថ្នាក់ឃុំ សង្កាត់រាប់ម៉ឺនដុល្លារ គោលដៅអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាព៕