លោក ចូ បៃដិន ថានឹងទំនាក់ទំនងជាមួយលោក ស៊ី ជិនពីង ចំពោះមុខភាពតានតឹងជុំវិញឧប្បត្តិ ហេតុបាឡុង

 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែ កុម្ភៈ ឆ្នាំ២០២៣ បានអោយដឹងថា​ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថាលោកនឹងទំនាក់ទំនងជាមួយលោកប្រធានា ធិបតីចិន ស៊ី ជិនពីង ចំពោះមុខភាពតានតឹង ក្រោយយន្ដហោះចម្បាំងអាមេរិកបាញ់ទម្លាក់បាឡុង មួយរបស់ចិនកាលដើមខែកុម្ភៈកន្លងទៅនេះ។

ថ្លែងនៅក្នុងសុន្ទរកថាជាសាធារណៈមួយ លោក បៃដិន គូសបញ្ជាក់ដូច្នេះថា «ខ្ញុំរំពឹងថាអាចនឹង ទំនាក់ទំនងជាមួយលោកប្រធានាធិបតី ស៊ី»។ ប៉ុន្តែព្រមពេលជាមួយគ្នានោះដែរ ខណៈសង្កត់ធ្ងន់ ថាសហរដ្ឋអាមេរិកមិនមែនកំពុងធ្វើសង្រ្គាមត្រជាក់ថ្មីមួយ លោក បៃដិន បានសង្កត់ធ្ងន់ថាលោក នឹងមិនសូមទោសចិន ជុំវិញឧប្បត្តិហេតុបាឡុងនោះទេ ហើយថា អាមេរិក តែងតែធ្វើសកម្មភាព ដើម្បីការពារផលប្រយោជន៍នៃប្រជាជនអាមេរិក និងសន្តិសុខប្រជាជនអាមេរិក។

គួរបញ្ជាក់ថា ភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិក បានផ្ទុះឡើងខ្លាំងជាថ្មី បន្ទាប់ពីរដ្ឋបាល លោកប្រធានាធិបតី ចូ បៃដិន សម្រេចចិត្តបាញ់ទម្លាក់បាឡុងមួយរបស់ចិន នៅលើ ដែនអាកាស អាមេរិក កាលពីថ្ងៃទី៤ ខែកុម្ភៈ។ មន្ទីរបញ្ចកោណបានចោទថាបាឡុងរបស់ចិនគឺជាបាឡុងស៊ើបការណ៍ តែចិនអះអាងថាបាឡុងរបស់ ខ្លួនជាបាឡុងស៊ីវិលដែល ផ្ដោតសំខាន់លើឧតុនិយមតែប៉ុណ្ណោះ៕