(កូរ៉េ)៖ ផលិតកម្មចម្រៀងខ្នាតយក្សចំនួនពីរនៅកូរ៉េខាងត្បូង គឺ HYBE និង SM បានចេញមុខផ្តល់ជំនួយជាទឹកប្រាប់រាប់ម៉ឺនដុល្លារ ជួយជនរងគ្រោះនៅប្រទេសតួកគី និងស៊ីរី ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីដ៏សាហាវ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Koreaboo នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។បន្ទាប់ពីហេតុការណ៍រញ្ជួយដីដ៏រន្ធត់ បានវាយប្រហារប្រទេសតួកគី និងស៊ីរី កាលពីថ្ងៃទី៦ ខែកុម្ភៈកន្លងទៅ គិតរហូតមកដល់នឹងពេលនេះ មានមនុស្សជាង ៣៣,០០០នាក់ បានបាត់បង់ជីវិត និងមនុស្សជាច្រើនទៀតបានរងរបួស។ រដ្ឋាភិបាលកូរ៉េខាងត្បូងបានបង្ហាញឆន្ទៈគាំទ្រ ដល់ប្រទេសដែលរងគ្រោះ តាមរយៈការបញ្ជូនក្រុមសង្គ្រោះ និងការបរិច្ចាគ ក្នុងនោះគេក៏ឃើញមានការចូលរួមបរិច្ចាគ ពីឧស្សាហកម្មកម្សាន្តកូរ៉េផងដែរ។
នៅថ្ងៃទី១៣ ខែកុម្ភៈ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េជាច្រើនបានរាយការណ៍ថា ផលិត HYBE បានបរិច្ចាគប្រហែល ៣៩៤,០០០ដុល្លារ ដល់អង្គការ Save the Children ដែលជាអង្គការអន្តរជាតិ ធ្វើការជាមួយកុមារ ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ ដែលកំពុងបន្តនៅក្នុងប្រទេសទួរគី និងស៊ីរី។ យោងតាមអង្គការនេះ អំណោយនេះនឹងត្រូវប្រើប្រាស់ ដើម្បីផ្គត់ផ្គង់សម្ភារៈចាំបាច់សម្រាប់កុមារដូចជា ភួយ សម្លៀកបំពាក់ ទឹក អាហារ សម្ភារៈពេទ្យ និងសម្ភារៈអនាម័យ។ ប្រាក់នេះ ក៏នឹងចូលទៅក្នុងការបង្កើតជម្រកបណ្ដោះអាសន្ន សម្រាប់ការការពារកុមារ។
ទោះជាយ៉ាងណា ក៏ទើបទទួលបានដំណឹងថ្មីចុងក្រោយមកទៀតថា HYBE មិនមែនជា ក្រុមហ៊ុនកម្សាន្តតែមួយទេ ដែលផ្ដល់ជំនួយឧបត្ថម្ភ ព្រោះក្រុមហ៊ុន SM ក៏ត្រូវបានគេដឹងថា បានបរិច្ចាគថវិកាចំនួន ២០០លានវ៉ុន (ខ្ទង់ ១៥៨,០០០ដុល្លារ) ដល់អង្គការ Hope Bridge ជាអង្គការគ្រោះមហន្តរាយនៅកូរ៉េ ដែលជួយដល់ជនរងគ្រោះនៅប្រទេសតួកគី និងស៊ីរីផងដែរ៕