សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យពន្លឿនការចរចាលើកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធ ត្រួតគ្នាកម្ពុជា-ឡាវ

 (វៀងច័ន្ទន៍-ឡាវ)៖ ក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ ក្នុងដំណើរទស្សនកិច្ចផ្លូវរបស់សម្តេចតេជោ នៅវៀងច័ន្ទន៍ ប្រទេសឡាវ សម្តេចបានជំរុញឲ្យភាគីកម្ពុជា-ឡាវ ពន្លឿនការចរចាលើកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចតេជោ នៅប្រទេសឡាវ ដែល ទទួលបាននៅ ថ្ងៃទី១៤ ខែកុម្ភៈនេះ។

សេចក្តីប្រកាសព័ត៌មាន បានកត់សម្គាល់ថា «សម្តេចតេជោ បានលើកទឹកចិត្តឲ្យភាគីទាំងពីរពន្លឿន ការចរចាលើកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការរៀបចំព្រឹត្តិការណ៍ផ្គូផ្គងដៃ គូពាណិជ្ជកម្ម ការតាំងពិព័រណ៍ និងសិក្ខាសាលា ដើម្បីផ្តល់ឱកាសកាន់តែច្រើនសម្រាប់ការផ្លាស់ ប្តូរពាណិជ្ជកម្ម វិនិយោគ និងដើម្បីជំរុញបន្ថែមទៀតនូវពាណិជ្ជកម្មទ្វេភាគី វិនិយោគ និងសកម្មភាព សេដ្ឋកិច្ចនានារវាងប្រទេសទាំងពីរ»។

ក្នុងជំនួបនោះដែរ ភាគីទាំងពីរបានកត់សម្គាល់ ដោយពេញចិត្តនូវកំណើនពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា និងឡាវ ដែលមានសន្ទុះជាវិជ្ជមានកើនឡើងពី ១៦០លានដុល្លារ ក្នុងឆ្នាំ២០២១ ទៅ ២១០លានដុល្លារ នៅឆ្នាំ២០២២។

សូមជម្រាបថា បច្ចុប្បន្ននេះកម្ពុជាបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ការចៀសវាងការយកពន្ធ ត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធ លើប្រាក់ចំណូលចំនួន ១១ រួចហើយ គឺ៖កម្ពុជា-សិង្ហបុរី, កម្ពុជា-ថៃ, កម្ពុជា-ចិន, កម្ពុជា-វៀតណាម, កម្ពុជា-តំបន់រដ្ឋបាលពិសេសហុង កុង, កម្ពុជា-ព្រុយណេ, កម្ពុជា-ឥណ្ឌូណេស៊ី, កម្ពុជា-ម៉ាឡេស៊ី, កម្ពុជា-សាធារណរដ្ឋកូរ៉េ, កម្ពុជា-តំបន់រដ្ឋបាលពិសេសម៉ាកាវ, និង កម្ពុជា-តួកគី។

ទន្ទឹមនឹងនេះ កម្ពុជាក៏កំពុងធ្វើការចរចាលើកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នាជា មួយប្រទេសដៃគូមួយចំនួន ដូចជា ហ្វីលីពីន ជប៉ុន ឡាវ និងអេមីរ៉ាតអារ៉ាប់រួមជាដើម។

គូសបញ្ជាក់ថា កិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា ផ្តល់អត្ថប្រយោជន៍ លើកិច្ចការ ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ធ្វើឲ្យប្រាកដប្រជា ក្នុងការកំណត់សិទ្ធិនៃការយកពន្ធ, កំណើន មូលដ្ឋានគិតពន្ធ តាមរយៈការទាក់ទាញវិនិយោគដោយផ្ទាល់, លំហូរមូលធន, ការផ្ទេរបច្ចេកវិទ្យា និងជំនាញពីបរទេស។ លើសពីនោះទៀត ការការពារនិវាសនជន ពីប្រព្រឹត្តកម្មមិនត្រឹមត្រូវពាក់ព័ន្ធ នឹងពន្ធ និងការការពារចំណូលពន្ធក្នុងស្រុក តាមរយៈកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងនឹងការ គេចវេះពន្ធ៕