មនុស្ស៤នាក់ស្លាប់ និង៥នាក់របួស ក្នុងករណីបាញ់ប្រហារនៅសាកលវិទ្យាល័យរដ្ឋមីឈីហ្គែន នៃសហរដ្ឋអាមេរិក

(វ៉ាស៉ីនតោន)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ជាក់ថា ប៉ូលិសអាមេរិកបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់៣នាក់ បាន បាត់បង់ជីវិត និង៥នាក់ទៀតបានរងរបួស បន្ទាប់ពីខ្មាន់កាំភ្លើ់ងម្នាក់ បានធ្វើសកម្មភាពបាញ់ប្រហារ នៅក្នុងបរិវេណសាកលវិទ្យាល័យរដ្ឋមីឈីហ្គែន (Michigan State University) ដែលស្ថិតក្នុងទី ក្រុងអ៉ីសឡេនស៉ីង (East Lansing) នៃរដ្ឋមីឈីហ្គែន របស់សហរដ្ឋអាមេរិក។

ហេតុការណ៍ខាងលើបានកើតឡើងក្រោយម៉ោង៨យប់បន្តិច ក្នុងថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅ តំបន់ភាគខាងកើតអាមេរិក)។ បើតាមប៉ូលិសអាមេរិក ពួកគេបានរកឃើញមានជនរងគ្រោះនៅ ទីតាំងទាំង២កន្លែង ដែលផ្ទុះស្នូរគ្រាប់កាំភ្លើង។ ជនរងគ្រោះយ៉ាងហោច៥នាក់ ត្រូវបានបញ្ជូនទៅ កាន់មន្ទីរពេទ្យ ដោយក្នុងនោះ​​មានអ្នកខ្លះស្ថិតក្រោមស្ថានភាពគំរាមកំហែងដល់អាយុជីវិត។ ក្រោយមក ខាងប៉ូលិសបានបន្ថែមថា ក៏មានមនុស្សយ៉ាងហោច៣នាក់ទៀត ត្រូវបានសម្លាប់ផង ដែរ។ ដោយឡែក ជនសង្ស័យម្នាក់ជាខ្មាន់កាំភ្លើង ត្រូវបានប៉ូលិសរកឃើញថាស្លាប់ ក្រោយបាញ់ សម្លាប់ខ្លួនឯង។ សរុបចំនួនអ្នកស្លាប់គឺ ៤នាក់ នៅក្នុងហេតុការណ៍នេះ។

គួរបញ្ជាក់ថា អំពើហិង្សាដោយកាំភ្លើងខាងលើបានកើតឡើង នៅរយៈពេលប្រហែលជា១៤ខែ ក្រោយករណីបាញ់ប្រហារកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅឯសាលាវិទ្យាល័យអុកហ្វត (Oxford High School) ក្នុងតំបន់អូកលែន ខោនធី (Oakland County) នៃរដ្ឋមីឈីហ្គែន ដែល ស្ថិតនៅចម្ងាយជិត ១៣០គីឡូម៉ែត្រពីទីក្រុង East Lansing។ ក្នុងហេតុការណ៍នោះ សិស្សអាយុ ១៥ឆ្នាំម្នាក់ បានប្រើកាំភ្លើងប្រភេទពាក់កណ្តាលស្វ័យប្រវត្តិ ដែលបានផ្តាច់ជីវិត​មិត្តរួមថ្នាក់៤នាក់ និងបង្កឱ្យរបួសសិស្ស៦នាក់ផ្សេងទៀត រួមទាំងគ្រូបង្រៀនម្នាក់៕