(ភ្នំពេញ)៖ ឧបនយនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំស្តីពី លទ្ធផលការងារត្រួតពិនិត្យ គ្រឿងញៀនឆ្នាំ២០២២ និងលើកទិសដៅសម្រាប់ការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២៣។
កិច្ចប្រជុំនេះក៏បានការអញ្ជើញចូលរួមពីសំណាក់កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ឋ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងឧស្សាហ៍កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន, លោកជំទាវ អ៊ឹង គន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌, នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងថ្នាក់ដឹកនាំតាមបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន។
បើយោងតាមរបាយការណ៍បានឱ្យដឹងថានៅក្នុងឆ្នាំ២០២២កន្លងទៅមន្ត្រីជំនាញបានគ្រប់គ្រងអ្នកញៀនគ្រឿងញៀនចំនួន ២២,២១៣នាក់។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងឆ្នាំ២០២២នេះ លទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើស គ្រឿងញៀនរួមមាន៖
*បទល្មើសគ្រឿងញៀនសរុប បង្ក្រាបបាន ៦,៣៩០ករណី ស្មើនឹង ១០១.៣០% ប្រៀបធៀបនឹងឆ្នាំ ២០២១ (៦,៣០៨ ករណី) មានចំនួនច្រើនជាង ៨២ករណី កើនឡើង ១.៣០%
*ឃាត់ខ្លួនជនសង្ស័យសរុប ១៥,០០២នាក់/សី ៩៥២នាក់ ស្មើនឹង ១០៧.៣២% ប្រៀបធៀប នឹងឆ្នាំ២០២១ (១៣,៩៧៩ នាក់) មានចំនួនច្រើនជាង ១,០២៣នាក់ កើនឡើង ៧.៣២% ក្នុងនោះ មានជនសង្ស័យជាជនជាតិខ្មែរ ១៤.៦៨៣នាក់ (ស្រី៦៩១នាក់) និងជនបរទេស៣១៩នាក់ (សី ៤៣នាក់) ស្មើនឹង១០ជនជាតិ
*គឿងញៀនសរុប ចាប់យកបានចំនួន ១៤ តោន ៩១៩គីឡូក្រាម ៤៦៧.០៧ក្រាម ស្មើនឹង ៣១៨.១៤% ប្រៀបធៀបនឹងឆ្នាំ២០២១ (០៤តោន ៦៨៩គីឡូក្រាម ៦១១.៤៧ក្រាម) មានចំនួន ច្រើនជាង១០តោន ២២៩គីឡូក្រាម និង ៨៥៥.៦០ ក្រាម កើនឡើងប្រមាណ៣ដង
*កញ្ញាស្រស់ កាប់បំផ្លាញបានចំនួន ៤៨,០៣៧ដើម និងចាប់យកកញ្ជះក្រៀម បានចំនួន ៦០គីឡូក្រាម ៣៧៤.៧៣ក្រាម
*សារធាតុគីមីផ្សំ រឹបអូសបានចំនួន ៥០៤តោន ៥៧៧គីឡូក្រាម ស្មើនឹង ៥៩៤.១៨% ប្រៀប ធៀបនឹងឆ្នាំ២០២១ (មានចំនួន ៨៤តោន ៩២០គីឡូក្រាម) មានចំនួនច្រើនជាង ៤១៩តោន ៦៥៧គីឡូក្រាម កើនឡើង ៤៩៤.១៨% ប្រមាណជា ៥ដង។ គិតរួមទាំងការបង្ក្រាប និងរឹបអូស បានកាលចុងឆ្នាំ២០២១កន្លងទៅ (ចំនួន ៨៤តោន ៩២០ គីឡូក្រាម)មកដល់ដំណាច់ឆ្នាំ២០២២ នេះ សារធាតុគីមីផ្សំដែលសមត្ថកិច្ចស្រាវជ្រាវរកឃើញធ្វើការបង្ក្រាប និងរឹបអូសបានមានចំនួនរហូត ដល់ទៅជិត ៦០០តោន៕