UN ទទួលស្គាល់បរាជ័យក្នុងការផ្គត់ផ្គង់ជំនួយដល់ប្រទេសស៉ីរី ខណៈអ្នកស្លាប់ដោយគ្រោះរញ្ជួយដី កើនឡើងលើស ៣៣,០០០នាក់ នៅតួកគី និងស៉ីរី

(ដាម៉ាស់)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បញ្ជាក់ថា អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បានលើកឡើងពីការខ្វះខាតក្នុងការដឹកជញ្ជូនជំនួយដែលមានតម្រូវការខ្លាំង ទៅកាន់តំបន់ដែល ហែកហួរដោយសង្គ្រាមនៃប្រទេសស៉ីរី ខណៈចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីដ៏សាហាវ ក្នុងប្រទេស តួកគីនិងស៉ីរី បានកើនឡើងលើសពី ៣៣,០០០នាក់ ចំពេលដែលការព្រមានថាចំនួននឹងកើន ឡើងបន្ថែមទៀត។

ក្បួនរថយន្តដឹកជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ផ្គត់ផ្គង់ដល់តំបន់ភាគពាយ័ព្យនៃប្រទេសស៉ីរី បានចូលទៅដល់ទីនោះតាមរយៈទីក្រុងរបស់ប្រទេសតួកគី ប៉ុន្តែប្រធានទីភ្នាក់ងារផ្តល់ជំនួយ របស់ UN លោក ម៉ាទីន ហ្រ្គីហ្វហ្វីដ (Martin Griffiths) បាននិយាយថា ត្រូវការជំនួយជាច្រើនទៀត សម្រាប់មនុស្សរាប់លាននាក់ដែលផ្ទះរបស់ពួកគេត្រូវបានបំផ្លាញ។

អ្នកឆ្លើយឆ្លងព័ត៌មាន AFP បានឲ្យដឹងថា ក្បួនរថយន្តចំនួន ១០គ្រឿងរបស់អង្គការសហប្រជាជាតិ ដែលផ្ទុកនូវតង់ កំរាលជ័រ ខ្សែពួរ ភួយ ពូក និងកំរាលព្រំ បានឆ្លងកាត់ចូលទៅក្នុងភាគពាយព្យនៃ ប្រទេសស៉ីរី តាមរយៈច្រកព្រំដែនបាប់ អាល់ហាវ៉ា (Bab al-Hawa)។ Bab al-Hawa គឺជាចំណុច តែមួយគត់សម្រាប់នាំយកជំនួយអន្តរជាតិ ទៅឲ្យប្រជាជននៅក្នុងតំបន់ដែលកាន់កាប់ដោយក្រុម ឧទ្ទាមនៃប្រទេសស៉ីរី បន្ទាប់ពីសង្គ្រាមស៊ីវិលជិត ១២ឆ្នាំ ហើយច្រកឆ្លងកាត់ផ្សេងទៀតត្រូវបានបិទ ក្រោមសម្ពាធពីប្រទេសចិន និងរុស្ស៉ី៕