(ភ្នំពេញ)៖ ឯកឧត្តម ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានផ្តល់បទសម្ភាសដល់អំពី កម្មវិធីដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេស ឡាវ រយៈពេល២ថ្ងៃ គឺថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយលោកអះអាងថា ដំណើរទស្សនកិច្ច នេះ ត្រូវបានចាត់ទុកថា ជាទស្សនកិច្ចប្រវត្តិសាស្ត្រ ដែលមានកម្មវិធីសំខាន់ៗមួយចំនួន ហើយនិង ការចុះហត្ថលេខាលើឯកសារចំនួន២ ក្នុងនោះមាន «ផែនការសកម្មភាព សម្រាប់ភាពជាដៃគូយុទ្ធ សាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង» និង«សន្ធិសញ្ញាកំណត់ព្រំដែនរវាងកម្ពុជា-ឡាវ» ផងដែរ។
ឯកឧត្តម បានបញ្ជាក់ដូច្នេះថា៖ «ទស្សនកិច្ចលើកនេះ អាចចាត់ទុកថាជាទស្សនកិច្ចប្រវត្តិសាស្ត្រមួយ ដែរ ដោយសារតែក្រោយជំងឺកូវីដ១៩ បានស្ងប់ស្តាត់ទៅ ហើយប្រទេសទាំងពីរបានបើកទំព័រថ្មីមួយ ទាំងទេសចរណ៍ និងសេដ្ឋកិច្ច»។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញ ទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសឡាវដោយក្នុងនោះក៏មានអមដោយឧបនាយករដ្ឋមន្ត្រីចំនួន៤រូបផងដែរ។ ដំណើរទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់ លោក សន សៃ ស៊ីផាន់ដន នាយក រដ្ឋមន្ត្រីឡាវ។
យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេច តេជោ នឹងមានជំនួបសម្តែងការគួរសមដោយឡែកពីគ្នាជាមួយ លោកបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងលោកបណ្ឌិត សៃស៊ុមផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ ក៏ដូចជា ទទួលការជួប សម្តែងការគួរសមពីសំណាក់ ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជាផងដែរ។
សម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយសមភាគី លោកនាយករដ្ឋមន្ត្រី សន សៃ ស៊ីផាន់ដន ដើម្បីពិភាក្សាអំពីមធ្យោបាយក្នុងការពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់ វិស័យ រួមទាំងសន្តិសុខ-នយោបាយ, សង្គម-សេដ្ឋកិច្ច និងផ្លាស់ប្តូរយោបល់លើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ និងជាក្តីបារម្ភរួម។
ឯកឧត្តម ស្រ៊ី ថាមរុង្គ បានបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ជំនួប នាយករដ្ឋមន្ត្រីទាំងពីរ នឹងធ្វើសន្និសីទ កាសែតរួមស្តីពីលទ្ធផលនៃកិច្ចពិភាក្សាគ្នា ហើយនាយករដ្ឋមន្ត្រីឡាវ នឹងបំពាក់គ្រឿងឥស្សររិយយ សដល់ ប្រធានក្រុមហ៊ុនឯកជនធំៗមួយចំនួន ដែលកន្លងទៅបានបរិច្ចាគថវិការបស់ខ្លួនជួយដល់ ប្រទេសឡាវ ពេលនាយករដ្ឋមន្ត្រីឡាវមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីឆ្នាំ២០២១។
ឯកឧត្តម បានបន្តថា ក្រោយពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីរនឹងចុះហត្ថលេខាលើឯកសារសំខាន់ ចំនួន២ ក្នុងនោះរួមមាន៖
ទី១៖ ផែនការសកម្មភាពសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងសម្រាប់ ឆ្នាំ២០២៣-២០២៨។ ឯកសារនេះជាផែនទីបង្ហាញផ្លូវ ដែលគ្រប់ដណ្តប់លើគ្រប់វិស័យទាំងអស់ ដើម្បីឱ្យស្ថាប័នពាក់ព័ន្ធប្រទេសទាំងពីរ ធ្វើសហប្រតិបត្តិការគ្នា លើកកម្ពស់ទំនាក់ទំនង ទាំង នយោបាយ ការពារជាតិនិងសន្តិសុខ សេដ្ឋកិច្ច និងបច្ចេកទេស សង្គម និងវប្បធម៌ ហើយនិងទំនាក់ ទំនងអន្តរជាតិ ដែលសំដៅលើទំនាក់ទំនងប្រទេសទាំងពីរ នៅក្នុងវេទិកាអន្តរជាតិធំៗ ដូចជាអង្គការសហប្រជាជាតិ អាស៊ាន និងអង្គការតំបន់ CLMV, ACMEC, CMV ជាដើម។
២៖ សម្តេចនឹងចុះហត្ថលេខា លើសន្ធិសញ្ញាកំណត់ព្រំដែនរវាងកម្ពុជា-ឡាវ។ ឯកឧត្តម ថា អស់ រយៈពេលច្រើនឆ្នាំមកហើយ ឆ្លងកាត់ការពិភាក្សារាប់រយដងរបស់គណៈកម្មាធិការព្រំដែន គឺសម្តេច បានខិតខំណាស់ ដោយស្វះស្វែងរកដំណោះស្រាយនៅលើព្រំដែនដែលមិនច្បាស់លាស់ពីមុន។ រាជរដ្ឋាភិបាលធ្វើដោយប្រយ័ត្នប្រយែង យោងទៅតាមផែនទីដែលយើងមានគេមាន ផែនទីដែល យើងនិងគេទទួលស្គាល់ទៅវិញទៅមក ផែនទីដែលតម្កល់ទុកនៅអង្គការសហប្រជាជាតិ ព្រោះអ្វីៗ វាបន្សល់ដោយ អាណានិគមន៍ដែលគ្រប់គ្រងប្រទេសយើងពីមុន ហើយវាផ្អែកទៅលើច្បាប់អន្តរជាតិ និងច្បាប់ប្រទេសនីមួយៗ។ ជាមួយឡាវ យើងធ្វើបានរហូតដល់៨៦ភាគរយ ហើយក្នុងនោះយើង បានបោះបង្គោលព្រំដែនហើយ គឺមាន១២១បង្គោល ហើយឥឡូវយើងបានឯកភាពគ្នា ក្នុងការ ពង្រីកបង្គោលឱ្យកាន់តែធំរឹងមាំ ហើយបោះបន្ថែមទៀត នៅក្នុងចន្លោះបង្គោលទាំង១២១នេះ ឱ្យបានកាន់តែច្រើនឡើង។ រាជរដ្ឋាភិបាលបានខិតខំខ្លាំងណាស់ ដោយមិនឱ្យទឹកដីកម្ពុជាបាត់បង់ សូម្បីមួយមីលីម៉ែត្រ តាំងពីរំដោះមកជាង៤០ឆ្នាំមកហើយ យើងដោះស្រាយទើបបានប៉ុណ្ណឹង ដែល នៅសល់១៤ភាគរយទៀត យើងព្រមព្រៀងគ្នាដោះស្រាយឱ្យបានកាន់តែឆាប់កាន់តែល្អ ដោយក្នុង នោះក៏មានការព្រមព្រៀងគ្នាអញ្ជើញអ្នកជំនាញបារាំង មកជួយគូរចម្លងផែនទីឡើងវិញ ព្រោះផែនទី ១លើ១០០ពាន់វាតូចពេក យើងពង្រីកវាទៅជា១លើ៥០ពាន់ ដើម្បីកាន់តែច្បាស់។
បន្ទាប់ពីបញ្ចប់ជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីឡាវ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈ ប្រតិភូចូលជួបសម្តែងការគួរសមជាមួយ លោក ថងលួន ស៊ីសូលីត ប្រធានរដ្ឋឡាវ ហើយពេលនោះ សម្តេចនឹងទទួលបានការបំពាក់មេដាយ ថ្នាក់ខ្ពស់បំផុតនៅប្រទេសឡាវ គឺមេដាយផូសៃឡានសាង (ពរជ័យឡានសាង) ដែលជាមេដាយខ្ពស់បំផុត សម្រាប់ថ្វាយព្រះមហាក្សត្រ ឬជូនឥស្សរជនថ្នាក់ ដឹកនាំប្រទេសជាមិត្ត ដែលបានរួមចំណែកកសាងទំនាក់ទំនងល្អជាមួយឡាវ ដែលនេះជាកិត្តិយស មួយទៀតរបស់ សម្តេចតេជោ ដែលបានកសាងសុខដុមរនាជាមួយប្រទេសឡាវ ក្នុងនាមជាប្រទេស ជិតខាងគ្នា។
សម្តេចតេជោ នឹងអញ្ជើញជួបសម្តែងការគួរសមជាមួយ លោកបណ្ឌិត សៃស៊ុមផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ។
ឯកឧត្តម ស្រ៊ី ថាមរុង្គ បានបញ្ជាក់បន្ថែមទៀតថា៖ «ទាំងអស់នេះ ជាការខិតខំដឹកនាំរបស់សម្តេច ដើម្បីឱ្យកូនចៅជំនាន់ក្រោយលែងមានបញ្ហាព្រំដែនតទៅទៀត។ នេះអាចចាត់ទុកថាជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រមួយថ្មីទៀត ដែលសម្តេចបានខិតខំ»។
ឯកឧត្តម បានបន្តថា ចាប់តាំងពីបើកប្រទេសឡើងវិញនេះ គឺអ្វីៗចាប់ផ្តើមដំណើរការជាបណ្តើរៗ ហើយ ទាំងការនាំចេញនាំចូលក៏បានកើនឡើងដែរ។ ទំនាក់ទំនងរវាងឡាវ និងកម្ពុជា ទោះបីជាទំ ហំពា ណិជ្ជកម្មនៅតូច ប៉ុន្តែយើងឃើញមានកំណើនច្រើន ក្នុងនោះក៏មានភ្ញៀវទេសចរផងដែរ។ ដោយឡែកការហោះហើរភាគីទាំងពីរនឹងជំរុញបន្ថែម ក្នុងនោះក៏មានការជំរុញឱ្យចាប់ផ្តើមហោះ ហើរមកកាន់រាជធានីភ្នំពេញឡើងវិញដែរ ដើម្បីបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន៕