តួកគី ចាប់ខ្លួនមនុស្សជាង១០០នាក់ ជុំវិញការទទួលខុសត្រូវលើសំណង់អគារ ដែលដួលរលំក្នុង គ្រោះរញ្ជួយដី

(អង់ការ៉ា)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ អោយដឹងថា ប្រទេសតួកគី ប្តេជ្ញាស៊ើបអង្កេតឲ្យបានហ្មត់ចត់លើអ្នកដែលសង្ស័យក្នុង ការទទួលខុស ត្រូវចំពោះការដួលរលំនៃអគារ នៅក្នុងការរញ្ជួយដីដ៏សាហាវកាលពីសប្តាហ៍មុន ខណៈអាជ្ញាធរបានឃាត់ខ្លួនជនសង្ស័យចំនួន ១១៣នាក់រួចហើយ។

អនុប្រធានាធិបតីតួកគី លោក ហ្វូអាត អក់ថាយ (Fuat Oktay) បាននិយាយថា រហូតមកដល់ពេល នេះ ជនសង្ស័យចំនួន១៣១នាក់ ត្រូវបានកំណត់ថាជាអ្នកទទួលខុសត្រូវចំពោះការដួលរលំអគារ មួយចំនួនក្នុងចំណោមអគាររាប់ពាន់ខ្នងនៃខេត្តចំនួន១០ ដែលរងផលប៉ះពាល់ដោយការរញ្ជួយ កាលពីថ្ងៃចន្ទសប្តាហ៍មុន។

លោក អក់ថាយ បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទខ្លីមួយ នៅឯមជ្ឈមណ្ឌលសម្របសម្រួលការ គ្រប់គ្រងគ្រោះមហន្តរាយ ក្នុងទីក្រុងអង់ការ៉ា យ៉ាងដូច្នេះថា «ដីកាឃុំខ្លួនត្រូវបានចេញសម្រាប់ មនុស្សចំនួន ១១៣នាក់។ យើង​នឹង​តាមដាន​រឿងនេះឲ្យបាន​ហ្មត់ចត់​រហូត​ដល់​តុលាការបិទបញ្ចប់ ដំណើរការ ជាពិសេស​អគារដែល​រង​ការខូចខាត​ខ្លាំងនិង​អគារ​ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​»​។

គួរបញ្ជាក់ថា តួលេខថ្មីចុងក្រោយនៃអ្នកស្លាប់ដោយគ្រោះរញ្ជួយដីបានបន្តកើនឡើងលើស ៣៣,០០០នាក់ នៅតួកគីនិងស៉ីរី ខណៈការជួយសង្រ្គោះនៅតែបន្តជាមួយនិងក្តីសង្ឃឹមតិចតួច នៃអ្នករស់រានមានជីវិត៕