អ្នកនាំពាក្យរាជរដ្ឋាភិបាល ច្រានចោលព័ត៌មានអវិជ្ជមាន ដែលបន្ទោសបង្អាប់ទឹកចិត្តមនុស្សធម៌ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់ជំនួយដល់តួកគីដែលរងគ្រោះរញ្ជួយដី

 (ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញ សេចក្ដីថ្លែងការណ៍ច្រានចោលនូវរាល់ព័ត៌មានអវិជ្ជមាន ដែលបន្ទោសបង្អាប់ទឹកចិត្តមនុស្សធម៌ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការផ្ដល់ជំនួយមនុស្ស ធម៌ដល់តួកគី ដែលជួបគ្រោះមហន្ដរាយធម្មជាតិរញ្ជួយដី។

ក្នុងសេចក្ដីថ្លែងដែលទទួលបានបញ្ជាក់ថា ការចេញមកច្រានចោលនេះ ធ្វើឡើងបន្ទាប់ពីមានអង្គ ការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មានមួយចំនួន បានតាំងសំណួរពាក់ព័ន្ធទៅនឹងព័ត៌មាន របស់រាជរដ្ឋាភិបាល ផ្តល់ជំនួយមនុស្សធម៌ដល់សាធារណរដ្ឋតួកគី ដែលប្រជាពលរដ្ឋប្រទេសនេះ​បានជួបគ្រោះមហន្តរាយធម្មជាតិរញ្ជួយដីកម្រិត ៧.៨វ៉ិចទ័រ បានកើតឡើងនៅខេត្តភាគអាគ្នេយ៍ នៃសាធារណរដ្ឋតួកគី កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣។

អង្គភាពអ្នកនាំពាក្យ សូមជម្រាបជូនថា ការចូលរួមរំលែកទុក្ខនូវគ្រាលំបាកដ៏ធំធេងមួយនេះ របស់ សាធារណរដ្ឋតួកគី គឺឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាតំណាងឲ្យកាយវិការមនុស្សធម៌របស់ រាជរដ្ឋាភិបាលកម្ពុជា។ ត្បិតស្ថានភាពជាក់ស្តែង៖

*ទី១៖ សម្តេចតេជោ នាយករដ្ឋមន្រ្តី កំពុងស្ថិតនៅក្នុងការកាន់មរណទុក្ខ ចំពោះការបាត់បង់ សមាជិកគ្រួសាររបស់សម្តេច។

*ទី២៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាឥស្សជនជាន់ខ្ពស់មួយរូប ក្នុងជួរកងយោធពលខេមរ ភូមិន្ទ ដែលត្រូវបានជ្រើសរើស និងគាំទ្រជាបេក្ខភាពនាយករដ្ឋមន្រ្តី ដោយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ជាគណបក្សគ្រប់គ្រងអំណាចរដ្ឋ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុង ការធ្វើជាតំណាងជាពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា។

*ទី៣៖ ការបរិច្ចាគ កញ្ចប់ថវិកាជាអំណោយមនុស្សធម៌ដល់សាធារណរដ្ឋតួកគី ជាមោទកភាពកម្ពុជា នៃសម័យកាលថ្មី ជានិមិត្តរូប នៃកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រជាជាតិទាំងពីរ ហើយក៏ជា សមត្ថភាព និងលទ្ធភាពរបស់កម្ពុជាក្នុងការចូលរួមសកម្មភាពមនុស្សធម៌អន្តរជាតិផងដែរ

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្តល់ជំនួយមនុស្សធម៌​ ១០ម៉ឺនដុល្លារអាមេរិក ជូនទៅ ប្រទេសតួកគី ដើម្បីរួមចំណែកដោះស្រាយការលំបាកនានាកើតចេញ ពីគ្រោះរញ្ជួយដី។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។ ជាមួយការផ្តល់ជំនួយនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវសមានចិត្តយ៉ាងជ្រាលជ្រៅ បំផុត និងបានចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រជូនចំពោះរដ្ឋាភិបាល និងប្រជាជនតួកគី ជាពិសេសក្រុមគ្រួសារនៃសព៕