(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះតាមរយៈ Facebook ផ្លូវការ របស់ឯកឧត្តម បានបង្ហាញនូវការចូលរួមសោកស្តាយ និងរំលែកមរណទុក្ខជាមួយគ្រួសារអ្នកដែល បានស្លាប់ ក្នុងគ្រោះមហន្តរាយរញ្ជួយដីធ្ងន់ធ្ងរនៅប្រទេសតួកគី និងប្រទេសស៉ីរី ដែលធ្វើឲ្យប្រជា ជនរាប់ពាន់នាក់ស្លាប់ និងបាត់ខ្លួន។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បង្ហោះសារមានខ្លឹមសារយ៉ាងដូច្នេះថា «សូមចូលរួមសោកស្ដាយ ជាមួយប្រជាជនតួកគី និងស៊ីរី ចំពោះគ្រោះមហន្តរាយរញ្ជួយដីធ្ងន់ធ្ងរ ដែលបានសម្លាប់ជីវិតមនុស្ស បន្កឱ្យមានរបួស និងបាត់ខ្លួនជាច្រើននាក់ ព្រមទាំងបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ ឯកជនយ៉ាងដំណំ។ សូមចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារអ្នកដែលបានស្លាប់ ព្រមទាំងបួងសួង ឱ្យបេសកកម្មជួយសង្គ្រោះទទួលបានជោគជ័យ»។
សូមជម្រាបថា គ្រោះមហន្តរាយរញ្ជួយដីធ្ងន់ធ្ងរនៅប្រទេសតួកគី និងប្រទេសស៉ីរី កម្រិត ៧.៨រ៉ិចទ័រ បានកើនឡើងកាលពីទៀបភ្លឺថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលគិតត្រឹមព្រឹកថ្ងៃទី៨ ខែកុម្ភៈនេះ ចំនួនអ្នកស្លាប់នៅក្នុងគ្រោះរញ្ជួយដីនេះ កើនដល់លើស ៧,៨០០នាក់។
អាជ្ញាធរស៊ីរី បានឱ្យដឹងថាមនុស្សយ៉ាងហោច ១,៩៣២នាក់ បានស្លាប់ រីឯអាជ្ញាធរតួកគី ប្រកាស ថាមនុស្សស្លាប់បានកើនដល់ ៥,៨៩៤នាក់។ មិនតែប៉ុណ្ណោះ ក្រៅពីមនុស្សស្លាប់យ៉ាងរង្គាលបែប នេះ អគាររាប់ពាន់ខ្នងបានដួលរំលំកម្ទេចខ្ទី នៅក្នុងប្រទេសទាំងពីរ ហើយមនុស្សជាច្រើន ត្រូវគេជឿ ថានៅកប់ក្រោមគំនរបែកបាក់។ ចំណែកឯ ចំនួនអ្នករងរបួសវិញ មានដល់ទៅជិត ២០,៥០០នាក់ នៅតួកគី និង ៣,៥០០នាក់ នៅក្នុងប្រទេសស៊ីរី។ តែព្រមពេលជាមួយគ្នា អង្គការ WHO បាន ព្រមានថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងដល់ ២០,០០០នាក់ឯណោះ ហើយមនុស្សជាង ២៣ លាននាក់ នៅក្នុងប្រទេសទាំង២ អាចនឹងរងផលប៉ះពាល់ពីគ្រោះរញ្ជួយដីនេះ។ អន្តរជាតិកំពុងប្រញាប់ប្រញាល់ផ្តល់ជំនួយ ហើយបញ្ជូនក្រុមរុករកនិងសង្រ្គោះ ដើម្បីជួយប្រទេស ទាំងពីរ៕