(កៀវ)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ គឺ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកៀវនៅថ្ងៃព្រហស្បតិ៍នេះថា សហភាពអឺរ៉ុបគ្រោងនឹងដាក់ ទណ្ឌកម្មថ្មីលើប្រទេសរុស្ស៊ី នៅខួប១ឆ្នាំនៃការលុកលុយរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន។
ក្នុងសេចក្តីថ្លែងការណ៍ជាមួយប្រធានាធិបតីអ៊ុយក្រែន លោកស្រី von der Leyen បាននិយាយថា «យើងនឹងរួមគ្នាជាមួយដៃគូប្រទេស G7 របស់យើង ដើម្បីកំណត់តម្លៃលើផលិតផលប្រេងរបស់ រុស្ស៊ីបន្ថែមទៀត ហើយត្រឹមថ្ងៃទី២៤ ខែកុម្ភៈដែលជាខួបមួយឆ្នាំពេញចាប់តាំងពីការឈ្លានពាន បានចាប់ផ្តើម យើងនឹងបានដាក់ទណ្ឌកម្មលើកទី១០»។
លោកស្រីបានបន្តទៀតថាទណ្ឌកម្មដែលមានស្រាប់បាននិងកំពុងធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយវានឹងធ្វើឲ្យរុស្ស៉ីដើរថយក្រោយមួយជំនាន់។ ប៉ុន្តែការប៉ាន់ប្រមាណបានឲ្យដឹងថា តម្លៃ ប្រេងបច្ចុប្បន្នតែមួយគត់ធ្វើឱ្យទីក្រុងម៉ូស្គូមានចំណូលប្រមាណ ១៦០លានអឺរ៉ូក្នុងមួយថ្ងៃ។
គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍នេះ មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបជាច្រើនរូប បានទៅដល់ទីក្រុងកៀវ ព្រមជាមួយនិងការសន្យាផ្តល់ជំនួយផ្នែកយោធា សេដ្ឋកិច្ច កាទូត ដើម្បីជាការបញ្ជាក់អំពីការប្តេជ្ញា ចិត្តគាំទ្រឥតងាករេ ចំពោះអ៊ុយក្រែន ខណៈដែលសង្រ្គាមឈ្លានពានរបស់រុស្ស៉ីជិតដល់ខួប១ឆ្នាំ។
នេះជាវត្តមានរួមគ្នាលើកដំបូងនៃបណ្តាមេដឹកនាំសហភាពអឺរ៉ុប នៅក្នុងរដ្ឋធានីអ៊ុយក្រែន គិតចាប់ តាំងពីសង្រ្គាមផ្ទុះឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ វាមានរយៈពេលមួយសប្តាហ៍ ចំពេល ដែលលោកខាងលិចបានសន្យា ផ្តល់អាវុធថ្មីៗសំខាន់ៗដល់អ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹង ការវាយលុកថ្មីរបស់រុស្ស៊ី ដែលត្រូវបានរំពឹងថានឹងកើតមានឡើង៕