របបយោធាមីយ៉ាន់ម៉ា បន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលប្រាំមួយខែទៀត


 (រ៉ង់ហ្គូន)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រាប់អោយដឹងថា​ ប្រធានាធិបតីស្តីទី នៃរបបយោធាមីយ៉ាន់ម៉ា នៅថ្ងៃពុធនេះបាន ប្រកាសនៅលើកញ្ចក់ទូរទស្សន៍ថាអាជ្ញាធរបានសម្រេចពន្យាពេលដាក់ប្រទេសក្នុងភាពអាសន្នរយៈពេលប្រាំមួយខែទៀត ខណៈដែលក្រុមអ្នកបាតុករតវ៉ាបានប្រារព្ធខួប នៃរដ្ឋប្រហារយោធាឆ្នាំ២០២១ ជាមួយនឹងការបាតុកម្មបែប «ភាពស្ងៀមស្ងាត់»

លោក Myint Soe ប្រធានស្តីទីបានមានប្រសាសន៍ថា «បើយោងទៅតាមមាត្រា ៤២៥ នៃរដ្ឋធម្ម នុញ្ញ (ស្ថានភាពអាសន្ន) អាចពន្យាពេលបានតែពីរដងប៉ុណ្ណោះ ហើយស្ថានភាពបច្ចុប្បន្ន គឺស្ថិតនៅ ក្រោមកាលៈទេសៈដ៏តានតឹងហើយវាសមស្របក្នុងការបន្តវាម្តងទៀតសម្រាប់រយៈពេលប្រាំមួយខែទៀត»។

មេដឹកនាំរបបយោធាផ្តាច់ការ ឧត្តមសេនីយ៍ Min Aung Hlaing ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារ ជាមួយក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខបាននិយាយថា ការបោះឆ្នោតពហុបក្សគួរតែត្រូវបានធ្វើ ឡើង «តាមឆន្ទៈរបស់ប្រជាជន»

ទោះជាយ៉ាងណា គាត់មិនបានផ្តល់ពេលវេលាជាក់លាក់​សម្រាប់​ការ​បោះ​ឆ្នោត​ ដែល​មិន​អាច​ធ្វើ​ឡើង​ក្នុង​ពេល​មាន​ភាព​អាសន្ន​នោះ​ទេ។ ក្រុមអ្នករិះគន់បាននិយាយថា ការបោះឆ្នោតណាមួយ ទំនងជានឹងជាការបោកប្រាស់ ដែលបង្កើតឡើងដើម្បីអនុញ្ញាតឱ្យយោធារក្សាអំណាច។

នៅថ្ងៃពុធនេះក្រុមបាតុករ និងមេដឹកនាំពលរដ្ឋដែលបាននិរទេសខ្លួនបានប្តេជ្ញា ក្នុងការបញ្ចប់នូវអ្វី ដែលពួកគេហៅថា «ការដណ្តើមអំណាចខុសច្បាប់» ដោយយោធា។ នៅតាមទីក្រុងធំៗនៅទូទាំងប្រទេសមីយ៉ាន់ម៉ា ផ្លូវនានាត្រូវបានបោះបង់ចោល ខណៈដែលប្រជា ជនស្នាក់នៅផ្ទះដើម្បីជាការតវ៉ា ខណៈដែលអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់រយនាក់ បានចូលរួម ការប្រមូលផ្តុំធ្វើបាតុកម្មនៅក្នុងប្រទេសថៃ និងហ្វីលីពីន។

គួរបញ្ជាក់ថា ការផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ពីណាក់យោធាបានធ្វើ ឱ្យខូចទ្រង់ទ្រាយកំណែទម្រង់ និងកំណើនសេដ្ឋកិច្ចអស់មួយទសវត្សរ៍ ដោយបានបន្សល់ទុកនូវ សោកនាដកម្មជាច្រើន៕