(ញូវយ៉ក)៖ យោតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រអោយដឹងថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាល ពីថ្ងៃចន្ទបានដំឡើងការព្យាកររបស់ខ្លួនអំពីទិន្នផលសេដ្ឋកិច្ចរបស់ប្រទេសដែលជាទីផ្សារកំពុងរីកចម្រើនសម្រាប់ឆ្នាំនេះ ដោយសារការបើកចំហរប្រទេសឡើងវិញរបស់ចិន ភាពធន់នៃសេដ្ឋកិច្ចឥណ្ឌា និងកំណើនសេដ្ឋកិច្ចឥតរំពឹងទុករបស់រុស្ស៊ី។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍បច្ចុប្បន្នភាពចុងក្រោយបំផុតស្តីពីចក្ខុវិស័យសេដ្ឋកិច្ចពិភពលោករបស់មូលនិធិ IMF ថា មូលនិធិនេះមើលឃើញថា ប្រទេសដែល ជាទីផ្សារដែលកំពុងរីកចម្រើន និងមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ទទួលបានកំណើនសេដ្ឋកិច្ច ៤ភាគ រយក្នុងឆ្នាំ២០២៣ ពោលគឺខ្ពស់ជាងការព្យាករកាលពីខែតុលារបស់មូលនិធិ IMF ចំនួន ០,៣ពិន្ទុ ភាគរយ និង ០,១ពិន្ទុភាគរយខ្ពស់ជាងការព្យាករសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២ ដែលថាមានចំនួន ៣,៩ភាគរយ។ សម្រាប់ឆ្នាំ២០២៤ មូលនិធិ IMF ព្យាករថានឹងមានកំណើន ៤,២ភាគរយ។
អតិផរណា ដែលជាកត្តារាំងស្ទះដល់កំណើនសេដ្ឋកិច្ចនាពេលថ្មីៗនេះ ត្រូវបានគេមើលឃើញថា មានអត្រាខ្ពស់ ទោះបីជានៅតែបន្តធ្លាក់ចុះនៅឆ្នាំនេះ និងឆ្នាំក្រោយក៏ដោយ។ ក្រុមប្រទេសដែលជាទីផ្សារកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍ត្រូវបានគេមើលឃើញថា អត្រាអតិ ផរណាបានកើនឡើង ៩,៩ភាគរយក្នុងឆ្នាំ២០២២ បន្ទាប់មកនឹងថយចុះមកត្រឹម ៨,១ភាគរយនៅ ឆ្នាំ២០២៣ និង ៥,៥ភាគរយនៅឆ្នាំ២០២៤ ប៉ុន្តែនៅតែខ្ពស់ជាងអត្រាជាមធ្យម ៤,៩ភាគរយក្នុង រយៈពេលពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ទៀតថា ១៥ភាគរយនៃបណ្តាប្រទេសដែលមានប្រាក់ ចំណូលទាបត្រូវបានប៉ាន់ប្រមាណថាស្ថិតក្នុងវិបត្តិបំណុលរួចហើយ ហើយ ៤៥ភាគរយទៀតមាន ហានិភ័យខ្ពស់ក្នុងការឈានទៅរកវិបត្តិបំណុល ដោយប្រទេស១ ក្នុងចំណោម ៤ប្រទេសដែលជា ទីផ្សារកំពុងរីកចម្រើនក៏មានហានិភ័យខ្ពស់ផងដែរ។
នៅឆ្នាំ២០២៣ នេះ សេដ្ឋកិច្ចរបស់ឥណ្ឌាត្រូវបានបន្តមើលឃើញថាមានការកើនឡើងជាង ៦ ភាគ រយនៅឆ្នាំនេះ និងឆ្នាំក្រោយ ខណៈពេលដែលការព្យាករដំឡើងសេដ្ឋកិច្ចរបស់ប្រទេសចិនចំនួន ០,៨ពិន្ទុភាគរយធ្វើឱ្យប្រទេសនេះស្ថិតនៅលើផ្លូវឆ្ពោះទៅរកការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ជាង ៥ភាគរយនៅឆ្នាំនេះ។
លោក Pierre-Olivier Gourinchas ប្រធានសេដ្ឋវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវនៃមូលនិធិ IMF បានមានប្រសាសន៍ថា៖ «ប្រសិនបើយើងក្រឡេកមើលទាំងប្រទេសចិន និងឥណ្ឌាព្រមគ្នា ប្រទេសទាំងពីរនេះមានចំណែកប្រហែល ៥០ភាគរយនៃកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២៣ … ដូច្នេះវាជាការរួមចំណែកដ៏សំខាន់មួយ»។
ម៉្យាងវិញទៀត ប្រទេសរុស្ស៊ីត្រូវបានមើលឃើញថានឹងមានកំណើន ២,៦ពិន្ទុភាគរយនៅក្នុងការ ព្យាករអំពីកំណើនសេដ្ឋកិច្ចឆ្នាំ២០២៣នេះ ដែលមានន័យថា សេដ្ឋកិច្ចរបស់ប្រទេសនេះនឹងកើន ឡើង ០,៣ភាគរយនៅឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕