(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣១ ខែ មករា ឆ្នាំ២០២៣ គឺ បារាំង និងអូស្រ្តាលី នៅថ្ងៃចន្ទសប្ដាហ៍នេះបានបង្ហើបពីផែនការ ផលិតគ្រាប់កំាភ្លើងធំរួមគ្នា សម្រាប់អ៊ុយក្រែន ខណៈប្រទេសទាំង២ កំពុងព្យាយាមស្ដារកិច្ចសហប្រតិបត្តិការលើ វិស័យការពារជាតិឡើងវិញ ក្រោយរកាំរកូសនឹងគ្នាជាង២ឆ្នាំមកនេះ។
ការប្រកាសពីផែនការខាងលើ ត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិបារាំង លោក សេបាស្ទៀន ឡឺក័រនុយ (Sebastien Lecornu) បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយសមភាគីអូស្ត្រាលី លោក រីឆាដ ម៉ាឡែស (Richard Marles) ក្នុងជំនួបកម្រិតខ្ពស់លើកដំបូងចាប់តាំងពីមានជម្លោះការទូត ជុំវិញសំណុំរឿងនាវាមុជទឹកកាលពីឆ្នាំ២០២១មក។ បើតាមលោក ឡឺក័រនុយ បារាំង និងអូស្ត្រាលី បានព្រមព្រៀងគ្នាលើកិច្ចសហប្រតិបត្តិការ ដើម្បីផលិតរួមគ្នានូវគ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្ររាប់ ពាន់គ្រាប់ សម្រាប់អ៊ុយក្រែន ហើយលោកក៏សង្ឃឹមដែរថាគ្រាប់កាំភ្លើងធំទាំងនេះ អាចនឹងចាប់ផ្ដើម បញ្ជូនឱ្យទីក្រុងកៀវ នៅត្រីមាសដំបូងក្នុងឆ្នាំ២០២៣នេះ៕