ឥណ្ឌូណេស៊ី គ្រោងផ្តល់តំបន់រុករកប្រេងនិងឧស្ម័នចំនួន ១០ប្លុកនៅឆ្នាំ២០២៣ រួមទាំងប្លុកនៅសមុទ្រ ចិនខាងត្បូង

 (ហ្សាការតា)៖  យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានអោយដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងថាមពល ឥណ្ឌូនេស៊ីបានឱ្យដឹងនៅថ្ងៃចន្ទថា ឥណ្ឌូណេស៊ីគ្រោងនឹងផ្តល់តំបន់រុករកប្រេង និងឧស្ម័នចំនួន ១០ នៅឆ្នាំនេះ រួមទាំងប្លុកមួយនៅសមុទ្រចិនខាងត្បូង។

ការផ្តល់តំបន់រុករកប្រេងនិងឧស្ម័នទាំងនេះធ្វើឡើងក្នុងគ្រាដែលមានកិច្ចប្រឹងប្រែងក្នុងការជំរុញផលិតកម្មថាមពល និងបង្កើតការរកឃើញថ្មីៗ។ នៅឆ្នាំ២០២២ ឥណ្ឌូណេស៊ីបានដាក់ឱ្យដេញថ្លៃ អណ្តូងប្រេង និងឧស្ម័នចំនួន១៣ប្លុក ហើយបានតែងតាំងក្រុមហ៊ុនម៉ៅការសម្រាប់ ៦ប្លុកក្នុង ចំណោមប្លុកទាំង ១៣នេះ។

ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះមានបំណងសម្រេចបានការបង្កើនទិន្នផលប្រេងឆៅចំនួន ១ លានបារ៉ែលក្នុងមួយថ្ងៃ (bpd) និងឧស្ម័នចំនួន ១២ ០០០លានហ្វីតគូបក្នុងមួយថ្ងៃ (mmscfd) នៅត្រឹមឆ្នាំ២០៣០។ កាលពីឆ្នាំមុន ប្រទេសនេះបានខកខានសម្រេចបានគោលដៅក្នុងការបង្កើន ទិន្នផលប្រេង និងឧស្ម័នរបស់ខ្លួនក្នុងគ្រាដែលមានការពន្យារពេលគម្រោង និងការបិទអណ្ដូងឥត រំពឹងទុក។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីលោក Tutuka Ariadji មន្ត្រីក្រសួង ថាមពលឥណ្ឌូណេស៊ីខណៈថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា ក្នុងចំណោមអណ្តូងប្រេង និងឧស្ម័ន ដែលឥណ្ឌូណេស៊ីគ្រោងនឹងផ្តល់ជូនក្នុងឆ្នាំនេះ គឺជាតំបន់អណ្តូងប្រេងនៅ Natuna D Alpha ដែល ជាអណ្តូងឧស្ម័នធំបំផុតស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង។

លោកមានប្រសាសន៍ថា៖ «សង្ឃឹមថា នៅឆ្នាំនេះនៅក្នុងខែឧសភា យើងនឹងត្រៀមខ្លួនជាស្រេចដើម្បី ចាប់ផ្តើមការផ្តល់ជូននេះ។ យើងក៏ត្រូវវាស់ស្ទង់ចំណាប់អារម្មណ៍សម្រាប់ប្លុក Natuna នេះផងដែរ មុនពេលយើងបើកតំបន់នេះសម្រាប់ការផ្តល់ជូនជាសាធារណៈ»

កាលពីឆ្នាំមុន ប្រទេសឥណ្ឌូណេស៊ីបានអនុម័តផែនការអភិវឌ្ឍន៍សម្រាប់តំបន់ឧស្ម័ន Natuna ដែល មានតម្លៃ ៣ពាន់លានដុល្លារនៅសមុទ្រចិនខាងត្បូង៕