(មូស្គូ)៖ តាមអ្នកនាំពាក្យវិមានក្រឹមឡាំង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣ អោយដឹងថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅតែ បន្តបើកចំហការទំនាក់ទំនងជាមួយអធិការ បតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) បើទោះជាមិនទាន់មាន កាលវិភាគនៃកិច្ចសន្ទនាតាមទូរស័ព្ទជារវាងមេដឹកនាំទាំង២ក៏ដោយ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ តាមរយៈការដកស្រង់សម្ដីដោយទីភ្នាក់ងារ សារព័ត៌មានរុស្ស៉ី RIA Novosti កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានធ្វើការ កត់សម្គាល់ ដូច្នេះថា «ក្នុងពេលបច្ចុប្បន្ន គ្មានឡើយការឯកភាពលើកាលវិភាគនៃកិច្ចពិភាក្សា (ជាមួយលោក អូឡាហ្វ សូលស៍)។ ប៉ុន្តែ លោកប្រធានាធិបតី ពូទីន នៅតែបើកចំហ ការទំនាក់ទំនង»។ ទីក្រុងមូស្គូ បានរិះគន់យ៉ាងខ្លាំងលើទីក្រុងបែរឡាំង ជុំវិញការសម្រេចចិត្តបញ្ជូនរថក្រោះប្រយុទ្ធធុនធ្ងន់ឱ្យ ទីក្រុងកៀវ ដោយចាត់ទុកថានេះជាទង្វើក្បត់នឹង ប្រវត្តិសាស្ត្រដែលនឹងមានតែធ្វើសង្រ្គាមសព្វថ្ងៃ កាន់តែពុះកញ្ជ្រោលឡើងតែប៉ុណ្ណោះ៕