ជប៉ុន ដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៉ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន

(តូក្យូ)៖ ជប៉ុន នៅថ្ងៃសុក្រនេះ បានសម្រេចចិត្តបញ្ចូលបុគ្គល ៣៦រូប និងស្ថាប័នចំនួន៥២ ដែលមានជាប់ពាក់ព័ន្ធនឹងរុស្ស៉ី ទៅក្នុងបញ្ជីដាក់ទណ្ឌកម្មរបស់ខ្លួនជុំវិញការឈ្លានពានរបស់ ទីក្រុងមូស្គូ ប្រឆាំងនឹងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Kyodo​ នៅថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣។
ទីភ្នាក់ងារសារព័ត៌មាន Kyodo បានឱ្យដឹងទៀតថាទណ្ឌកម្មថ្មីខាងលើ ក្នុងនោះរួមមានទាំងការបង្កកទ្រព្យសម្បតិ្ត និងការហាមឃាត់ការនាំចេញ គឺមានគោលដៅលើអ្នកនយោបាយ យោធា អ្នកជំនួញ ក្រុមហ៊ុន និងស្ថាប័នមួយចំនួនដែលមានជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលរុស្ស៉ី។
គួរបញ្ជាក់ថា ចាប់តាំងពីរុស្ស៉ីលើកកងទ័ពចូលឈ្លានពានអ៊ុយក្រែន ក្រោមស្លាកប្រតិបត្តិការយោធាពិសេសចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក ទីក្រុងតូក្យូបានដាក់ទណ្ឌកម្ម សេដ្ឋកិច្ចលើទីក្រុងមូស្គូ ក្រោមកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តលោកខាងលិច ក្នុងនោះរួមមានទាំងការបង្កកទ្រព្យសម្បត្តិរបស់ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន និងធនាគារកណ្ដាលរបស់រុស្ស៉ីផងដែរ៕