(គូឡាឡាំពួ)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣ ប្រាប់អោយដឹងថា ជនរងគ្រោះដោយទឹកជំនន់ប្រមាណជិត៣,៥០០នាក់ ត្រូវបានដាក់ឲ្យស្នាក់នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះបណ្តោះអាសន្ននៅទូទាំងរដ្ឋចូហូរ (Johor) នៃប្រទេសម៉ាឡេស៉ី នៅថ្ងៃពុធនេះ ខណៈភ្លៀងធ្លាក់ខ្លាំងនៅតែបន្តវាយលុកផ្នែកខ្លះនៃរដ្ឋមួយនេះ។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិម៉ាឡេស៊ី (NADMA) បានឲ្យដឹងថា រដ្ឋចូហូរ បានកត់ត្រា ជនរងគ្រោះដោយទឹកជំនន់ចំនួន៣,៤៨២នាក់ គិតត្រឹមម៉ោង៦ព្រឹកថ្ងៃពុធ (ម៉ោងក្នុងតំបន់)។ សារព័ត៌មាន Bernama បានរាយការណ៍ថា បើតាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ របស់រដ្ឋ ឥឡូវនេះមានមជ្ឈមណ្ឌលសង្គ្រោះចំនួន៣៥ កំពុងដំណើរការនៅក្នុងរដ្ឋចូហូរ។ ស្រុកសេហ្កាម៉ាត (Segamat) រងផលប៉ះពាល់ខ្លាំងជាងគេ ដោយមានប្រជាជនចំនួន១,៣៩២នាក់ រស់នៅក្នុងមណ្ឌលសង្គ្រោះចំនួន១៣។
នាយកដ្ឋានឧតុនិយមម៉ាឡេស៊ី (MetMalaysia) បានព្យាករណ៍នៅព្រឹកថ្ងៃពុធនេះថា នឹងមានភ្លៀង ធ្លាក់ខ្លាំងជាបន្តបន្ទាប់នៅក្នុងទីរដ្ឋចូហូរ រយៈពេលពេញមួយថ្ងៃ ព្រមជាមួយនិងការព្រមាន ពីភ្លៀង ធ្លាក់ខ្លាំងនៅក្នុងស្រុកមួយចំនួននៃរដ្ឋនេះ។
គួរបញ្ជាក់ថា គ្រោះទឹកជំនន់គឺជាបាតុភូតប្រចាំឆ្នាំនៅក្នុងប្រទេសម៉ាឡេស៊ី ដោយសារតែខ្យល់ មូសុងឦសានដែលនាំមកនូវភ្លៀងធ្លាក់ខ្លាំង ចាប់ពីខែវិច្ឆិកា ដល់ខែមីនា៕