លោក ហ្សេលេនស្គី មិនជឿឡើយថាបេឡារុស ចង់ចូលរួមក្នុងសង្រ្គាមរបស់រុស្ស៉ី ប្រឆាំងអ៊ុយក្រែន

 (កៀវ)៖  តាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣ បានប្រាប់អោយដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាន​និយាយថាលោកផ្ទាល់មិនជឿឡើយថាប្រទេសបេឡារុស ចង់ចូលរួមនៅក្នុងសង្រ្គាមឈ្លានពាន របស់រុស្ស៉ី ប៉ុន្តែ អ៊ុយក្រែនកំពុងត្រៀមខ្លួនជានិច្ច ដើម្បីទប់ទល់នឹងការគំរាមកំហែងទាំងឡាយមក លើសន្តិសុខជាតិរបស់ខ្លួន។

ថ្លែងនៅក្នុងសនិ្នសីទសារព័ត៌មានរួមជាមួយប្រធានាធិបតីហ្វាំងឡង់ លោក សៅលី នីនីស្ដូ (Sauli Niinistö) ក្នុងទីក្រុងកៀវ នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា  «យើងមិនមែនកំពុង ហើយនឹងមិនបើកការវាយប្រហារលើបេឡារុសនោះទេ។ នេះគឺជាការបញ្ជូនសារយ៉ាងច្បាស់មួយទៅកាន់ប្រជាជនបេឡារុស ហើយវា ពិតជាមានសារៈសំខាន់ ខ្លាំងណាស់សម្រាប់យើងដែលបេឡារុស មិនបាត់បង់ឯករាជ្យភាពរបស់ខ្លួន និងមិនចូលរួមនៅក្នុង សង្រ្គាមឈ្លានពានរបស់រុស្ស៉ី ទោះមានសម្ពាធយ៉ាងណា ក៏ដោយ»

សូមបញ្ជាក់ថា ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ដឺ លូកាសិនកូ (Alexander Lukashenko) កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានអះអាងថាលោកទទួលបានសំណើឱ្យ ចុះសន្ធិ សញ្ញាមិនឈ្លានពានមួយ ជាមួយអ៊ុយក្រែន។ លោក លូកាសិនកូ ដែលជាសម្ព័ន្ធមិត្តរបស់លោក ពូទីន មិនបានឱ្យដឹងថាតើអ៊ុយក្រែន ឬក៏ប្រទេសលោកខាងលិចណាមួយ ដែលបានស្នើឱ្យលោក ចុះសន្ធិសញ្ញាមិនឈ្លានពាននោះទេខណៈមានការសន្និដ្ឋានជាច្រើនថាបេឡារុសអាចនឹងត្រូវបានបង្ខំឱ្យចូលរួមក្នុងសង្រ្គាមរបស់រុស្ស៉ី៕