(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ស៊ូឌីម៉ាន់ ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូត នៃសាធារណ រដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលចប់អាណត្តិការទូតពីកម្ពុជា ចូលជួបសម្តែង ការគួរសម និងជម្រាបលា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៩ ខែមករាឆ្នាំ២០២៣នេះ។
លោក ស៊ូឌីម៉ាន់ ហាសេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចដែលបានគាំទ្រនិង ផ្តល់កិច្ចសហការល្អនាពេលកន្លងមក ក្នុងការជំរុញឱ្យបេសកកម្មការទូតរបស់លោកទទួលបាន ជោគជ័យ។ លោកបានគោរពស្នើសូមសម្តេចប្រធានរដ្ឋសភា និងមន្រ្តីរាជការទំាងអស់បន្តគំាទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការល្អបន្តទៀតដល់ឯកអគ្គរដ្ឋទូតថ្មីសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលនឹង មកបន្តបេសកកម្ម ពីលោកនាពេលខាងមុខនេះ។
លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ពីជោគជ័យរបស់កម្ពុជា នៅក្នុងការរៀបចំកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ព្រមទំាងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) នាពេលកន្លងមកនេះ។ លោកបញ្ជាក់ថា ជោគជ័យរបស់កម្ពុជានោះនឹងជំរុញដល់ប្រទេស ឥណ្ឌូនេស៊ី ឱ្យខិតខំរៀបចំកិច្ចប្រជុំខាងលើនេះបន្តពីកម្ពុជាឱ្យបានល្អប្រសើរផងដែរ។
លោក ស៊ូឌីម៉ាន់ ហាសេង បានលើកឡើងថា នៅក្នុងរយៈពេលបំពេញបេសកកម្មនៅកម្ពុជា៥ឆ្នាំ កន្លងមកនេះ ឯកឧត្តមបានសង្កេតឃើញថា កម្ពុជាមានការអភិវឌ្ឍរីកចម្រើននៅទូទំាងប្រទេស ពិសេសនៅរាជធានីភ្នំពេញ ដែលជាសញ្ញាមួយបញ្ជាក់ថា នៅពេលខាងមុខដ៏ខ្លីនេះ កម្ពុជានឹង មានខឿនសេដ្ឋកិច្ចរឹងមាំជាមិនខានឡើយ។
ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកនាមរបស់ អតីតប្រធានាធិបតីឥណ្ឌូនេស៊ី ដាក់ឈ្មោះផ្លូវពីរខ្សែនៅក្នុងរាជធានីភ្នំពេញ ដែលបង្ហាញពីចំណង មិត្តភាពដ៏រឹងមាំនិងជិតស្និទ្ធនៃប្រទេសទំាងពីរ។
សម្តេចអគ្គមហាពញាចក្រីហេង សំរិន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងអាណត្តិ ការទូតរបស់ លោក ស៊ូឌីម៉ាន់ ហាសេង ដែលបានរួមចំណែកដល់ការបន្តថែរក្សាទំនាក់ទំនង មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឥណ្ឌូនេស៊ី ឱ្យមានការរីកចម្រើនថែម មួយកម្រិតទៀត។ បេសកកម្មការទូតរបស់លោក នៅកម្ពុជា ពិតជាបានបង្កលក្ខណៈសម្បត្តិកាន់ តែប្រសើរថែមទៀតក្នុងការលើកស្ទួយវឌ្ឍនភាពនៃចំណងការទូតរវាងប្រទេសទាំងពីរ ឱ្យកាន់តែ មានសន្ទុះខ្លាំងក្លាមួយកម្រិតទៀត។
កម្ពុជា-ឥណ្ឌូនេស៊ី មានទំនាក់ទំនងការទូតជាមួយគ្នាជាង៦០ឆ្នាំមកហើយ ហើយថ្នាក់ដឹកនាំ របស់យើង តែងបានធ្វើការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ច សហប្រតិបត្តិការជាច្រើនវិស័យ។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា រដ្ឋសភាកម្ពុជាពេញចិត្ត និងអបអរសាទរចំពោះសមិទ្ធ ផលទំាងឡាយ ដែលរដ្ឋាភិបាលនៃប្រទេសទំាងពីរសម្រេចបាន ដែលពិតជាបាននំាមកនូវផល ប្រយោជន៍ដល់ប្រជាជាតិទំាងសងខាង។ ដោយឡែកនៅក្នុងក្របខណ្ឌស្ថាប័ននីតិប្បញ្ញត្តិ ក៏មាន កិច្ចសហប្រតិបត្តិការល្អជាមួយគ្នា តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចសិក្សាស្វែងយល់លើការងារ នីតិកម្មនិងការគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភារវាងរដ្ឋសភានៃប្រទេសទំាងពីរ។
ឆ្លៀតឱកាសនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណរដ្ឋាភិបាលឥណ្ឌូនេស៊ី ដែលបានរួមចំណែកក្នុងដំណើរការ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាតាមរយៈ ជំនួយ អភិវឌ្ឍន៍ធនធានមនុស្សការលើកកម្ពស់ សមត្ថភាពកងទ័ព ជំនួយផ្នែកអាកាសចរណ៍ស៊ីវិល និង ជំនួយមនុស្សធម៌ផ្សេងៗច្រើនទៀត នាពេលកន្លងមកនេះ៕