សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជាអធិបតីក្នុងពិធីមីទ្ទិង អបអរ សាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជំនះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២៣)


កោះកុង÷ សម្តេចពិជ័យសេនា ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីមីទ្ទីងអបអរ សាទរ ខួបអនុស្សាវរីយ៏លើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២៣) ដើម្បីបង្ហាញឱ្យឃើញនូវស្មារតី ចងចាំជានិច្ចចំពោះគុណូបការៈដ៏ឧត្ដុង្គឧត្តមរបស់វីរកម្មាភិ បាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានធ្វើការលះបង់យ៉ាងធំ ធេង ក្នុងការប្រយុទ្ធផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញរបស់កម្ពុជា។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោក ជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានគោរពរាយការណ៍ជូនគណៈអធិបតី បានជ្រាប អំពីលក្ខណៈភូមិសាស្ត្រនិងប្រជាសាស្ត្រ នៃខេត្តកោះកុងដោយសង្ខេប ក្នុងពិធីមីទ្ទិង នៃទិវាជ័យជំនះ៧ មករា ដែលប្រារព្វធ្វើឡើងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ។

លោកជំទាវអភិបាលខេត្តបានលើកឡើងទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រទេសជាតិទាំង មូលទទួលបានសន្តិភាព និងស្ថេរភាពនៅទូទាំងប្រទេស ធ្វើឲ្យប្រជាពលរដ្ឋទាំង អស់ មានសេចក្តីត្រេកអរ ទទួលបានសេចក្តីសុខសប្បាយ និងមានឱកាសអភិវឌ្ឍន៍ លើគ្រប់វិស័យ។ កត្តាសន្តិភាពនិងស្ថេរភាពនយោបាយនេះហើយ ដែលធ្វើឲ្យខេត្តកោះកុង ទទួលបានសមិទ្ធផលធំៗដែលរួមមានដូចជា ការវិនិយោគ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត និងអរុបវន្ត និងវិស័យទេសចរណ៍។

ក្នុងឱកាសនៃការថ្លែងសន្តរកថា សម្ដេចវិជ័យសេនា ទៀ បាញ់ លើកឡើងពីប្រវត្តិនៃថ្ងៃ ៧ មករា ចលនាតស៊ូដើម្បីសង្គ្រោះជាតិ និងប្រវត្តិនៃការចលនាស្វែងរកសន្តិ ភាព និងកំណែទម្រង់សេដ្ឋកិច្ច នយោ បាយ ការបង្រួបបង្រួបជាតិ រហូតបង្កើតបាននូវរាជាណាចក្រកម្ពុជា។
ស្មារតីថ្ងៃរំដោះជាតិនេះ ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូប និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិ ភាពជានិច្ចនិរន្ត។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣នេះ គឺជាខួបលើកទី៤៤ឆ្នាំ(៧ មករា ១៩៧៩-៧ មករា ២០២៣) ដែលប្រទេសកម្ពុជាត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬ ហៅថារបបប្រល័យពូជសាសន៍ខ្មែរក្រ ហម ដឹកនាំដោយ ប៉ុល ពត ដែលបានប្រែក្លាយកម្ពុជា ទៅជា វាលពិឃាតដ៏ខ្មៅងងឹតអស់រយៈពេល ៣ឆ្នាំ ៨ខែ និង២០ ថ្ងៃ។ របបដ៏ឃោរឃៅព្រៃផ្សៃយង់ឃ្នងនេះ បានធ្វើឱ្យបាត់បង់ជីវិតមនុស្សស្លូតត្រង់អស់រាប់លាននាក់ ហើយប្រទេសជាតិទាំងមូលបានវិនាស អន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត។ ជាចុងក្រោយគណៈអធិបតី បានលេងព្រាបសន្តិភាព និងបង្ហោះប៉ោងៗជាកិច្ចបញ្ចប់កម្មវិធី ៕ ដោយ ពិសិដ្ឋ