ប្រេងឆៅជួញដូរក្នុងតម្លៃជាង ៧៩ដុល្លារ ខណៈភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ចបង្កឱ្យមាន ក្តីបារម្ភជាថ្មីអំពីតម្រូវការប្រេង

 (សិង្ហបុរី)៖  យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ បញ្ជាក់ថា តម្លៃប្រេងបានធ្លាក់ចុះកាលពីថ្ងៃពុធ ដោយសារការកើនឡើងស្តុកប្រេងឆៅ និងប្រេង ឥន្ធនៈឥតរំពឹងទុកនៅសហរដ្ឋអាមេរិកដែលជា ប្រទេសប្រើប្រាស់ប្រេងច្រើនជាងគេក្នុងពិភពលោក និងភាពមិនប្រាកដប្រជាខាងផ្នែកសេដ្ឋកិច្ចបាន បញ្ឆេះក្តីបារម្ភជាថ្មីអំពីតម្រូវការ។

ប្រេងឆៅប្រភេទរបស់អាមេរិក West Texas Intermediate (WTI) ក្នុងកិច្ចសន្យាជួញដូរអនាគត បានធ្លាក់ចុះ ៥៤សេន ឬ ០,៧២ភាគរយមកនៅត្រឹម ៧៤,៥៨ដុល្លារក្នុងមួយបារ៉ែល ខណៈដែល ប្រេងឆៅ ប្រភេទ Brent របស់អង់គ្លេសបានធ្លាក់ចុះ ៥០សេន ឬ ០,៦២ភាគរយមកនៅត្រឹម ៧៩,៦ដុល្លារ។

ប្រេងឆៅក្នុងកិច្ចសន្យាទាំងពីរនេះបានឡើងថ្លៃកាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ ដោយបានស្ទុះងើបឡើង វិញពីការលក់ចេញយ៉ាងខ្លាំងនៅក្នុងសប្តាហ៍ដំបូងនៃឆ្នាំ២០២៣។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ប្រភពផ្សេងៗដែលបានលើកឡើងទិន្នន័យចេញផ្សាយដោតវិទ្យាប្រេងឆៅអាមេរិក (API) ថា ការស្តុកទុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបាន កើនឡើងចំនួន ១៤,៩លានបារ៉ែលក្នុងសប្តាហ៍ដែលបានបញ្ចប់នៅថ្ងៃទី៦ ខែមករា ។ ក្នុងពេលជាមួយគ្នានេះដែរ ស្តុកប្រេងប្រភេទឆៅស្រាល (Distillate) ដែលរួមមានប្រេងសម្រាប់ កម្ដៅ និងប្រេងយន្តហោះ បានកើនឡើងប្រហែល ១,១លានបារ៉ែល។

អ្នកវិភាគដែលត្រូវបានស្ទង់មតិដោយទីភ្នាក់ងារព័ត៌មានរ៉យទ័របានរំពឹងថា ស្តុកប្រេងឆៅនឹងធ្លាក់ ចុះចំនួន ២,២លានបារ៉ែល ហើយស្តុកប្រេងឆៅប្រភេទស្រាល (Distillate) នឹងធ្លាក់ចុះចំនួន ៥សែនបារ៉ែល។

អ្នកវិភាគលោក Leon Li មកពីក្រុមហ៊ុន CMC Markets បានថ្លែងថា ការកើនឡើងស្តុកប្រេង ឆៅនៅ សហរដ្ឋអាមេរិកក្នុងការប៉ាន់ប្រមាណរបស់ API បានធ្វើឱ្យប្រេងឆៅធ្លាក់ថ្លៃ ខណៈពេល ដែលហានិភ័យចំពោះការដើរថយក្រោយនៃសេដ្ឋកិច្ចក៏កំពុងរារាំងដល់ការកើនឡើងតម្លៃប្រេងក្នុងរយៈពេលខ្លីផងដែរ៕