ក្រសួងការបរទេស ប្តឹងតុលាការទាមទារឱ្យលោក គង់ គាំ ប្រគល់ដីត្រឡប់មកវិញជាមួយ នឹងសំណងជំងឺចិត្ត៤ពាន់លានរៀល


 (ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដោយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីឱ្យចេញសាលក្រមកំណត់ឱ្យ លោក គង់ គាំ ប្រគល់ដី និងអគារមួយកន្លែង ស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រឡប់មកក្រសួងការបរទេស វិញ ជាមួយនឹងការទាមទារសំណងជំងឺចិត្ត ៤ពាន់លានរៀល។

ក្រសួងការបរទេស បានសម្រេចប្រគល់សិទ្ធិ ជូនឯកឧត្តម គី តិច រៀបចំបណ្តឹង និងតាមការពារ សំណុំរឿង ទាមទារទ្រព្យរដ្ឋ ជូនក្រសួងការបរទេស គ្រប់គ្រងតាមច្បាប់វិញ។

នៅក្នុងពាក្យបណ្តឹងដែលទទួលបាន, ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្នើឱ្យសាលាដំបូងរាជធានី ភ្នំពេញ ចេញសាលក្រមដែលមានខ្លឹមសារ៨ចំណុច ដូចខាងក្រោម៖

​* ១៖ មោឃភាពនៃកម្មសិទ្ធិរបស់សហចុងចម្លើយលើអចលនវត្ថុ (ដី និងអគារ) លេខក្បាលដី ១១៣ មានផ្ទៃដីទំហំ ៥២៩០ ម៉ែត្រការ៉េ ស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លេខ ១២០១០១០៥-០១១៣ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ចេញដោយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី រាជធានី ភ្នំពេញ ។
* ២៖ ទទួលស្គាល់ដើមចោទឈ្មោះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាកម្ម សិទ្ធិករន អចលនវត្ថុ (ដី និងអគារ) លេខក្បាលដី ១១៣ មានផ្ទៃដីទំហំ ៥២៩០ម៉ែត្រការ៉េ ស្ថិត នៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
* ៣៖ មោឃភាពវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លេខ ១២០១០១០៥-០១១៣ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ចេញដោយប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី រាជធានីភ្នំពេញ របស់សហចុងចម្លើយ។
* ៤៖ បង្គាប់ឱ្យសហចុងចម្លើយប្រគល់ការកាន់កាប់លើអចលនវត្ថុ (ដី និងអគារ) លេខក្បាលដី ១១៣ មានផ្ទៃដីទំហំ ៥២៩០ ម៉ែត្រការ៉េ ស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធា នីភ្នំពេញ ឱ្យដើមចោទឈ្មោះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
* ៥៖ បង្គាប់ឱ្យសហចុងចម្លើយធ្វើនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិលើដីទំហំ ៥២៩០ (ប្រាំពាន់ពីររយកៅ សិប) ម៉ែត្រការ៉េ ស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទៅឱ្យដើមចោទ ឈ្មោះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
* ៦៖ បង្គាប់ឱ្យសហចុងចម្លើយសងសំណងការខូចខាត ចំនួន ៤០០០.០០០.០០០ រៀល។
* ៧៖ ប្រាក់ប្រដាប់ក្តី និងពន្ធផ្សេងៗ ជាបន្ទុករបស់សហចុងចម្លើយ។
* ៨៖ ប្រកាសសាលក្រមមានអានុភាពអនុវត្តបណ្ដោះអាសន្ន៕