ជប៉ុន និងបារាំង សន្យាបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ ក្នុងតំបន់អាស៉ីប៉ាស៊ីហ្វិក


 (ប៉ារីស)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣ អោយដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃចន្ទសប្ដាហ៍នេះបានសន្យាថានឹងបង្កើន កិច្ចសហប្រតិបត្តិការសន្តិ សុខបន្ថែមនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នាឱកាសដែលលោក គីស៉ីដា បំពេញទស្សនកិច្ចជាលើក ដំបូងក្នុងទីក្រុងប៉ារីស ចាប់តាំងពី ឡើងកាន់អំណាចមកកាលពីខែតុលា ឆ្នាំ២០២១មក។

ជប៉ុន នៅក្នុងឆ្នាំ២០២៣នេះបានកាន់តំណែងជាប្រធាននៃក្រុមបណ្ដាប្រទេស G7 ហើយលោក គីស៊ីដា នៅថ្ងៃចន្ទសប្ដាហ៍នេះបានបំពេញដំណើរទស្សនកិច្ច មួយជុំទៅកាន់តំបន់អឺរ៉ុប និងអាមេរិក ខាងជើង ដោយផ្ដើមមុនគេនៅប្រទេសបារាំង អ៉ីតាលី ចក្រភពអង់គ្លេស កាណាដា និងសហរដ្ឋ អាមេរិក។

នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក ម៉ាក្រុង លោក គីស៉ីដា បាននិយាយថាលោក កំពុងសម្លឹងមើលលើការបង្កើនកិច្ចសហប្រតិបត្តិការជាមួយបារាំង ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោក គីស៉ីដា បានគូសបញ្ជាក់ដូច្នេះថា «បារាំងគឺជាប្រទេសជាដៃគូដ៏ឈានមុខមួយ ដែលបានចូលរួម ចំណែកក្នុងសមិទ្ធផលនៃ ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ»។ នាយករដ្ឋមន្ត្រីជប៉ុនរូបនេះបន្ថែមថា «ខណៈការប៉ុនប៉ងដោយឯកតោភាគី ដើម្បីប្រើកម្លាំងបាយ កែប្រែស្ថានភាពដើម នៅក្នុង តំបន់សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង ព្រមទាំងបរិយាកាស សន្តិសុខកាន់តែកើនឡើង យើងរំពឹងថាបន្តកិច្ចសហប្រតិបត្តិការជាមួយបារាំង»

គួរបញ្ជាក់ថា ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក គីស៉ីដា លោក ម៉ាក្រុងក៏បានសង្កត់ ដែរថាបារាំង និងជប៉ុន នឹងបន្តធ្វើសកម្មភាពរួមគ្នា នៅក្នុងតំបន់ ឥណ្ឌូប៉ាស៊ីហ្វិក ខណៈលោក គីស៉ីដាផ្ទាល់បានសន្យាដែរថាជប៉ុននឹងបន្តផ្ដល់ការគាំទ្រដល់អ៊ុយក្រែន ដែលកំពុងធ្វើសង្រ្គាម ប្រឆាំងនឹងការឈ្លានពានពីសំណាក់ រុស្ស៉ី៕