(មូស្គូ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០២៣ គឺ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានដាក់ពង្រាយនាវាចម្បាំងមួយគ្រឿង ប្រដាប់ដោយមីស៊ីលល្បឿនលឿនជាងសំឡេង ឆ្ពោះទៅកាន់មហាសមុទ្រអាត្លង់ទិក និងឥណ្ឌា ជាការបង្ហាញសាច់ដុំ ខណៈសង្រ្គាមនៅអ៊ុយក្រែនបន្តអូសបន្លាយ។
លោក ពូទីន បានប្រកាសដាក់ឱ្យប្រើប្រាស់នាវាចម្បាំងឈ្មោះ អែដមៀរ៉ល ហ្គ័សកូវ (Admiral Gorshkov) នៅថ្ងៃពុធសប្ដាហ៍នេះ នៅឯពិធីមួយរៀបចំឡើងតាមប្រព័ន្ធវីដេអខុនហ្វេរិន ហើយ រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) និងលោក អ៊ឺហ្គ័រ ក្រូម៉ាល់ (Igor Krokhmal) ដែលជាមេបញ្ជាការនាវាចម្បាំងនេះក៏បានចូលរួមក្នុងពិធីនេះដែរ។
ថ្លែងនៅមុនប្រកាសដាក់ឱ្យប្រើនាវាចម្បាំង Admiral Gorshkov លោក ពូទីន បានគូសបញ្ជាក់ ដូច្នេះថា «នាវាចម្បាំងនេះមានបំពាក់ដោយប្រព័ន្ធមីស៊ីលល្បឿនលឿនជាងសំឡេងស៊េរីចុងក្រោយ ហ្សៀរខន (Zircon) ដែលគ្មានគូបៀប។ ខ្ញុំសូមឱ្យក្រុមនាវិក…ទទួលបានជោគជ័យនៅក្នុងការបំពេញតួនាទីដើម្បីផលប្រយោជន៍ជាតិ»។
គួរបញ្ជាក់ថា បើតាមរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ នាវាចម្បាំង Admiral Gorshkov នឹងធ្វើដំណើរឆ្ពោះទៅកាន់មហាសមុទ្រអាត្លង់ទិក និងមហាសមុទ្រឥណ្ឌា ព្រមទាំង សមុទ្រ មេឌីទែររ៉ាណេ៕