ទេសចរមកពីកប៉ាល់ Westerdam ដែលចូលចតផែក្រុងព្រះសីហនុដើរទស្សនាទីក្រុងភ្នំពេញ

ភ្នំពេញ ៖ ភ្ញៀវទេសចរចំរុះជាតិសាសន៏ចំនួន ១៨៦នាក់ ក្នុងចំណោម ៦២០នាក់ឡើងមកពីកប៉ាល់ Westerdam ដែលចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ពេលនេះកំពុងស្នាក់នៅសណ្ឋាគារសុខាភ្នំពេញ រេស៊ីដង់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយត្រូវបាន លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមន្ត្រីក្រោមឧិវាទ អញ្ជើញទៅសួរសុខទុក្ខដល់ទីតាំងស្នាក់នៅ និងបានជូនដំណើរ ទស្សនាទេសភាពរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ នេះ ដែលជាការផ្តល់នូវភាពកក់ក្តៅ និងជាកាយវិការមនុស្សធម៌ពិតៗ សំរាប់ភ្ញៀវទេសចរតាមកប៉ាល់ Westerdam ដែលបណ្តាប្រទេសនានាមានការព្រួយបារម្មណ៏ពីការរីករាលដាលនៃជំងឺឆ្លង Covid.19។

តាមរយះរថយន្តក្រុងចំនួន១០គ្រឿង បានដឹកភ្ញៀវទេសចរ ទាំង ១៨៦នាក់ទស្សនាទីក្រុងភ្នំពេញ ដោយក្តីរីករាយ និងពុំមានការព្រួយបារម្មណ៏ពីផលប៉ះពាល់ និងពុំមានភ្ញៀវទេសចរ ណាម្នាក់ ត្រូវបានរកឃើញវិជ្ជមាននៃ ជំងឺ Covid .19 នោះទេ។ តាមការបញ្ជាក់ពីមន្ត្រីសុខាភិបាល ដែលប្រចាំការនៅសណ្ឋាគារសុខាភ្នំពេញ រ៉េស៊ីដង់ បានឲ្យដឹងថា ៖ ពេលនេះមានភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ៦២០នាក់ កំពុងស្នាក់នៅក្នុងសណ្ឋាគារខាងលើ និងត្រូវបានត្រួតពិនិត្យសុខភាពជាប្រចាំដោយការយកចិត្តទុកដាក់បំផុត តាមលក្ខណៈវេជ្ជសាស្ត្រ ហើយមកដល់ពេលនេះ ពួកគេពុំបានរកឃើញចំណុចវិជ្ជមានណាមួយកើតមានលើភ្ញៀវទេសចរណាម្នាក់នោះឡើយជាមួយគ្នានេះ ក៏មានការចូលរួមពីតំណាងស្ថានទូតសាមី ចូលរួមសហការដោយយកចិត្តទុកដាក់ផងដែរ។

សូមបញ្ជាក់ថា ភ្ញៀវទេសចរទាំងអស់មកពីកប៉ាល់ Westerdam ដែលបានចូលចតនៅខេត្តព្រះសីហនុ ត្រូវបានទទួលស្វាគមន៏យ៉ាងកក់ក្តៅ និងរាក់ទាក់បំផុតពីសម្តេចអគ្គមហាសេនា បតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមមនុស្សធម៌ ចំពោះមនុស្សផងគ្នា ដែលកប៉ាល់មួយនេះត្រូវបានបដិសេធមិនឲ្យចូលចតតាមបណ្តាប្រទេសមួយចំនួនដោយសារការភ័យខ្លាចការឆ្លងជំងឺ Covid…19មួយនេះ៕