(ណៃពិដោ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ ២០២២ អោយដឹងថា នៅថ្ងៃសុក្រនេះ តុលាការនៃប្រទេសមីយ៉ាន់ ដែលបច្ចុប្បន្នស្ថិតក្រោមរបប ដឹកនាំយោធា បានប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារអតីតមេដឹកនាំគឺ លោកស្រី អោង សាន ស៊ូជី រយៈពេល៧ឆ្នាំបន្ថែមទៀត សម្រាប់បទល្មើសពុករលួយចំនួន៥។
បទចោទប្រកាន់អំពើពុករលួយទាំង៥ករណីនោះ គឺពាក់ព័ន្ធទៅនឹងការជួលក៏ដូចជាជួសជុល ថែទាំឧទ្ធម្ភាគចក្រ ដែលបានបណ្តាលឱ្យខាតបង់ថវិការបស់រដ្ឋ ពេលលោកស្រីនៅកាន់អំណាច។ វាគឺជាសាលក្រមចុងក្រោយគេបំផុត បន្ទាប់ពីសវនាការជំនុំជម្រះក្តីរបស់លោកស្រីបានប្រព្រឹត្តអស់ រយៈពេលជាច្រើនខែមកនេះ និងពុំមានការចោទប្រកាន់បន្ថែមលើលោកស្រីទៀតឡើយ។
ក្នុងសំណុំរឿងកន្លងមក ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរូបនេះ ត្រូវបានតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារសរុបយ៉ាងហោច ២៦ឆ្នាំ ក្រោមបទល្មើសជាច្រើនរួមមានចាប់ពី ការបំពានគោល ការណ៍រឹតត្បិតប្រឆាំងជំងឺកូវីដ១៩, ការកាន់កាប់ឧបករណ៍វិទ្យុទាក់ទងខុសច្បាប់ រហូតដល់ការញុះ ញង់ឱ្យមានអំពើហិង្សា, ការល្មើសច្បាប់កិច្ចការសម្ងាត់ជាតិ និងការព្យាយាមជះឥទ្ធិពលលើគណៈ កម្មការបោះឆ្នោត នៃប្រទេសមីយ៉ាន់ម៉ា។
លោកស្រី ស៊ូជី ដែលសព្វថ្ងៃមានវ័យ៧៧ឆ្នាំ ត្រូវបានគេចាប់ខ្លួន បន្ទាប់ពីផ្ទុះរដ្ឋប្រហារយោធាកាល ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលបានបិទបញ្ចប់សម័យកាលលទ្ធិប្រជាធិបតេយ្យ បណ្តោះអាសន្ន របស់មីយ៉ាន់ម៉ា ហើយរុញច្រានឱ្យប្រទេសអាស៊ានមួយនេះ ធ្លាក់ទៅក្នុងភាពចលាចល និងបង្កឱ្យ មនុស្សច្រើនជាង២,៦០០នាក់បាត់បង់ជីវិត៕