រសៀលនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់


 (ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារ ឆ្នាំចាស់ និងលើកទិសដៅការងារ ឆ្នាំថ្មី របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ពិធីនេះនឹងរៀបចំឡើងនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ក្រៅតែពីអញ្ជើញបិទសន្និបាតបូកសរុបការងារ របស់ក្រសួង ហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឱ្យ ប្រើប្រាស់អគារ​មន្ទីរ​ពិសោធន៍​ជាតិ​សំណង់ របស់ក្រសួង ដែលមានតម្លៃប្រមាណ ៣លានដុល្លារ ទើបសាងសង់បញ្ចប់កាលពីពេលថ្មីៗនេះផងដែរ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានប្រកាសបង្កើតឡើង ដោយព្រះរាជក្រឹត្យ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ១៩៩៩។ ក្រសួងនេះ មានសមត្ថកិច្ចដឹកនាំ និងគ្រប់គ្រងលើវិស័យ រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅក្នុងប្រទេសកម្ពុជា។

នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ក្រសួងបានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣។ ពិធីត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ពិធីក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងជាច្រើនរូប។

របាយការណ៍ដែលបង្ហាញក្នុងពិធីនាព្រឹកមិញនេះ បានគូសរំលេចថា ក្នុងឆ្នាំ២០២២កន្លងទៅនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិ បាល ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ថ្មីៗជាច្រើនលើការងារចុះបញ្ជីដីធ្លី ការងារដោះ ស្រាយវិវាទដីធ្លី ការងាររៀបចំដែនដី និងនគរូបនីយកម្ម ការងារគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ការងារគ្រប់គ្រង និងអភិវឌ្ឍវិស័យសំណង់ ការងារសម្បទានដីសង្គមកិច្ច និងការងារអភិវឌ្ឍលំនៅ ឋាន ចូលរួមពង្រឹងភាពសុខដុមរមនាក្នុងសង្គម បង្កើតចលករ និងបរិយាកាសល្អ សម្រាប់ធុរកិច្ច និងការវិនិយោគ ជួយរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការរៀបចំនយោបាយសាធារណៈ និងផែនការ សកម្មភាពរបស់ខ្លួន បានច្បាស់លាស់ ព្រមទាំងជំរុញបង្កើនចំណូលរបស់រដ្ឋ ដែលជាគ្រឹះនៃការ អភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។

របាយការណ៍បានបង្ហាញថា ក្នុងឆ្នាំ២០២២ ក្រសួងប្រមូលចំណូលចូលថវិកាជាតិសរុបប្រមាណ ៣៦៧,១៣៩,៨៩៦,០៥០រៀល ជិត ៩០លានដុល្លារអាមេរិក ថយចុះជាង ២២ភាគរយ ធៀប ឆ្នាំ២០២១។

ឆ្នាំ២០២២ ក្រសួង បានចេញបណ្ណកម្មសិទ្ធិដីបានចំនួន ៣១៥,៤៤១បណ្ណ និងចែកដល់ដៃប្រជា ពលរដ្ឋចំនួន ២៦៤,៨០៤បណ្ណ។ ការងារចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនេះ ក្រសួងបាន ឱ្យដឹងថា គិតចាប់ពីថ្ងៃចាប់ផ្តើមអនុវត្តដល់ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងចេញបណ្ណកម្មសិទ្ធិដីបាន ចំនួន ៦,៧៣០,៧៥២បណ្ណ ស្មើនឹងជាង ៩៦ភាគរយ នៃចំនួនក្បាលដីប៉ាន់ស្មានដំបូង៧លាន ក្បាលដី។ ក្នុងនោះការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធសម្រេចបាន ៦,១០៤,០៥២បណ្ណ និង ចែកបណ្ណបានចំនួន ៥,៥៩០,៨០៨បណ្ណ (សម្បទានដីសង្គមកិច្ចចំនួន ១៧,៩៩៣បណ្ណ) និងការ ចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំសម្រេចបាន ៦២៦,៧០០បណ្ណ។ ក្នុងនោះ ដីរដ្ឋបាន ១៩៦ ទីតាំង ស្មើចំនួន ២,១៧៨បណ្ណ ទំហំ ៩៤២,៦១៧ហិកតា (ដីគោលដៅសម្បទានសេដ្ឋកិច្ច ១៨២ ទីតាំង ស្មើចំនួន ២,០៩១បណ្ណ ទំហំ ៧២៥,៥៦១ហិកតា តំបន់ការងារ/ព្រៃស្តារឡើងវិញ ១៦ទី តាំង ចំនួន ៨៧បណ្ណ ទំហំ ២១៧,០៥៦ហិកតា ក្នុងនោះ ដីស្ថិតក្រោមការកាន់កាប់របស់ក្រសួង បរិស្ថាន ៩ទីតាំង ចំនួន ៦៦បណ្ណ ទំហំ ១៩៥,២៣៦ហិកតា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៧ទីតាំង ចំនួន ២១បណ្ណ ទំហំ ២១,៨២០ហិកតា)។

ដីឯកជនរបស់បុគ្គលឯកជន បានចំនួន ៦២៣,៥៤១បណ្ណ និងដីសហគមន៍ជនជាតិដើមភាគតិច បានចំនួន ៣៨សហគមន៍ ស្មើនឹង ៩៨១បណ្ណ ទំហំ ៣៩,៣៤២.៤១ហិកតា សម្រាប់ ៣,៧១៧ គ្រួសារ។ ដោយឡែកការចុះបញ្ជីដីគរុភណ្ឌវត្ត បានចំនួន ១,៩៣៦វត្ត ស្មើនឹង ២,៤០៤បណ្ណ។

របាយការណ៍ បានបង្ហាញដែរថា ទិន្នន័យសំណង់ទូទាំងប្រទេសមានចំនួនប្រមាណ ៣,៨២៧ គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ៦,៥៩៦,៩៣៦ម៉ែត្រក្រឡា តម្លៃប៉ាន់ ស្មានទុនវិនិយោគប្រមាណ ២,៦៣៤,៩៩២,១០០ដុល្លារ។ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ មានចំនួន ៣,៩២៥គម្រោង មានផ្ទៃក្រឡាកម្រាល សំណង់ចំនួន ១២,៦៨៤,១០២ម៉ែត្រក្រឡា តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៥,២១០,៣៥៩,៥០៩ដុល្លារ ថយចុះជិត ៥០ភាគរយ។

របាយការណ៍ បានបង្ហាញផងដែរថា គិតចាប់ពីឆ្នាំផ្តើមអនុវត្តឆ្នាំ២០០០ ដល់ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងបានចេញលិខិតអនុញ្ញាតសាងសង់ចំនួន ៦១,៤១៨គម្រោង ដែលមានផ្ទះក្រឡាកម្រាល សំណង់សរុបប្រមាណ ១៧៣,២១៣,៧៥៦ម៉ែត្រក្រឡា និងតម្លៃប៉ានស្មានទុនវិនិយោគសរុ ប្រមាណ ៦៨,៨៣៧,៥៤៣,៨០៥ដុល្លារ។

ក្នុងគម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើង ចំនួន ១២៨គម្រោង ស្មើនឹង ១៤២អគារ (នៅរាជធានី ភ្នំពេញចំនួន ៨៦គម្រោង ស្មើនឹង ៩៣អគារ ខេត្តព្រះសីហនុចំនួន ១៤គម្រោង ស្មើនឹង ១៦អគារ និងខេត្តបន្ទាយមានជ័យ ១៣គម្រោង ស្មើនឹង ១៥អគារ)។ ក្នុងនោះអគារកម្ពស់ពី ៥ជាន់ ទៅ៩ជាន់ មានចំនួន ៩៩អគារ, ពី ១០ជាន់ ទៅ ១៩ជាន់ មានចំនួន ២៤អគារ ពី ២០ជាន់ ទៅ២៩ជាន់ មានចំនួន ១៣អគារ និងពី ៣០ជាន់ ទៅ ៣៩ជាន់ មានចំនួន ៦អគារ។

គិតពីពេលចាប់ផ្តើមអនុវត្តនៅឆ្នាំ២០០០ ដល់ខែវិច្ឆិកា ឆ្នាំ២០២២ គម្រោងអគារខ្ពស់ៗ ចាប់ពី ៥ជាន់ឡើងនៅទូទាំងប្រទេសមានចំនួន ២,៥៣៤អគារ (នៅភ្នំពេញមានចំនួន ១,៦៧៥អគារ, ព្រះសីហនុ មានចំនួន ៦៨៥អគារ, បន្ទាយមានជ័យមានចំនួន ១៣១អគារ និងខេត្តផ្សេងៗមាន ចំនួន ៤៣អគារ)។ ក្នុងនោះអគារកម្ពស់ចាប់ពី ៥ជាន់ ទៅ៩ជាន់ មានចំនួន ១,៤២៣អគារ, អគារ ចាប់ពី ១០ជាន់ ទៅ ១៩ជាន់ មានចំនួន ៦៩៩អគារ, អគារចាប់ពី ២០ជាន់ ទៅ ២៩ជាន់ មានចំនួន ២៣៣អគារ, អគារចាប់ពី ៣០ជាន់ ទៅ ៣៩ជាន់ មានចំនួន ១២៩អគារ, អគារចាប់ពី ៤០ជាន់ ឡើង មានចំនួន ៥០អគារ។

គម្រោងបុរីលំនៅឋាន និងបណុំលំនៅឋានមានលក្ខណៈជាបុរីមានចំនួន ៥១០គម្រោង។ ដោយឡែកគិតពីឆ្នាំ២០១៩ ដល់ខែវិច្ឆិកា ឆ្នាំ២០២២ អគារផ្ទះល្វែងមានចំនួន ៨៩,៥៣១ខ្នង និងអគារស្នាក់នៅរួមមានចំនួន ៤៣៤គម្រោង។

គិតពីឆ្នាំ២០០៨ ដល់ខែវិច្ឆិកា ឆ្នាំ២០២២ សំណង់លំនៅឋានមានចំនួន ៣៤,៣៧៣គម្រោង, សំណង់អគាសណ្ឋាគារមានចំនួន ១,០៧៣គម្រោង, សំណង់អគារពាណិជ្ជកម្មមានចំនួន ៣,១៣៦ គម្រោង, សំណង់អគាររោងចក្រមានចំនួន ១០,៦២៩គម្រោង និងសំណង់អគារពហុមុខងារមាន ចំនួន ៣៣០គម្រោង។

ក្នុងរបាយការណ៍ក្រសួងក៏បានបង្ហាញការវាយតម្លៃរបស់ខ្លួនថា សមិទ្ធផលដែលក្រសួងសម្រេច ទៅបាននេះ អាស្រ័យដោយការសង្គ្រោះប្រទេសឱ្យរួចផុតពីជ្រោះមរណៈនៃជំងឺកូវីដ១៩ ជាមួយនឹង ការគាំទ្រ និងដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលតែងតែ ដាក់ចេញនូវចក្ខុវិស័យ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ និងទាន់ពេលវេលាឆ្លើយតប បានចំពោះសំណូមពរដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ និងឧត្តប្រយោជន៍ជាតិ។

របាយការណ៍ បានបន្តថា សមិទ្ធផលទាំងនេះ ក៏បានឆ្លុះបញ្ចាំងអំពីទេពកោសល្យ ឆន្ទៈ និងថាម ពលនៃថ្នាក់ដឹកនាំ និងកិច្ចខិតខំប្រឹងប្រែង ព្រមទាំងសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំរបស់មន្ត្រីរាជការ នៅគ្រប់ថ្នាក់ គ្រប់ផ្នែក នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងការគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងការចូល រួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

របាយការណ៍ក្រសួង ក៏បានលើកឡើងផងដែរថា សមិទ្ធផលខាងលើ នឹងចូលរួមបង្កើតបង្អែក សម្រាប់ការអនុវត្តក្របខណ្ឌ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមគន្លងប្រក្រតី ភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ របស់រាជរដ្ឋាភិបាល។ ជាពិសេសសម្រាប់ការពង្រឹងសក្តានុពលនៃចន្ទល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅក្នុងដំណើរ នៃការស្តារសង្គម សេដ្ឋកិច្ចឡើងវិញ៕