កូរ៉េខាងជើង រៀបចំកិច្ចប្រជុំគណបក្សកាន់អំណាច ដើម្បីដាក់ចេញផែនការសម្រាប់ឆ្នាំថ្មី


 (សេអ៊ូល)៖  តាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ ២០២២ គឺ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃអង្គារសប្តាហ៍នេះថា មេដឹកនាំ កូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) បានចាប់ផ្តើមកិច្ចប្រជុំដ៏សំខាន់មួយរបស់គណ បក្សពលករ ដែលកំពុងកាន់អំណាច ដើម្បីប្រកាសអំពីការសម្រេចចិត្តនូវគោលនយោបាយសំខាន់ៗ សម្រាប់ឆ្នាំថ្មី។

ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា កិច្ចប្រជុំពេញអង្គលើកទី៦ នៃគណៈកម្មាធិការ កណ្តាលលើកទី៨ របស់គណបក្សពលករកូរ៉េ (WPK) ត្រូវបានកោះប្រជុំ កាលពីថ្ងៃចន្ទដើម សប្តាហ៍។ ការជួបជុំគ្នាជាច្រើនថ្ងៃនៃមន្ត្រីបក្ស និងរដ្ឋាភិបាលប្រចាំឆ្នាំ ធ្វើឡើងស្របពេលដែល ទីក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលក្នុងចំនួនមិនធ្លាប់មានពីមុនមក រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប (ICBM)ផងដែរ។ ក្រុមមន្រ្តីកូរ៉េខាងជើង នឹងអនុម័តរបៀបវារៈធំៗចំនួន៥ រួមមានការពិនិត្យលើការ អនុវត្តគោលនយោបាយសំខាន់ៗ និងថវិកាឆ្នាំ២០២២ ព្រមទាំងផែនការការងារ និងសេចក្តីព្រាង ថវិកាសម្រាប់ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោក គីម បានបង្ហាញរបាយការណ៍លម្អិតអំពី ការវិវត្តន៍គួរឲ្យកត់សម្គាល់នៅក្នុង គ្រប់វិស័យ នៃនយោបាយ យោធា សេដ្ឋកិច្ច និងវប្បធម៌របស់កូរ៉េខាងជើង។ លោក គីម បាន សង្កត់ធ្ងន់ពីតម្រូវការក្នុងការដាក់ចេញនូវគោលនយោបាយ ដើម្បីជំនះរាល់ការលំបាកនានា។ គោលដៅចម្បងសម្រាប់ឆ្នាំ២០២៣ ក្នុងវិស័យសំខាន់ៗរួមមាន លោហៈ គីមី អគ្គិសនី សំណង់ កសិកម្ម និងឧស្សាហកម្មធុនស្រាល។

គួរបញ្ជាក់ថា កន្លងមក កូរ៉េខាងជើងពីមុនបានចេញផ្សាយសុន្ទរកថារបស់មេដឹកនាំរបស់ខ្លួន នៅថ្ងៃ ចូលឆ្នាំសកល ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក គីម បានកោះជុំបក្សនៅចុងឆ្នាំនេះ ដើម្បីធ្វើសេចក្តីប្រកាសអំពីគោលនយោបាយសំខាន់ៗរបស់ប្រទេស៕