(ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៩-២៥ ខែធ្នូ ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុបមានចំនួន៤៣៩,០៤៦នាក់ ក្នុងនោះ ភ្ញៀវជាតិមាន៤០២,៣៤៧នាក់ និងភ្ញៀវបរទេសមាន៣៦,៦៩៩នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ១៩០,០១៥នាក់
* ខេត្តសៀមរាប ៧៦,០២២នាក់
* រាជធានីភ្នំពេញ ៣២,១៧៥នាក់
* ខេត្តកំពត ២៧,៦៨១នាក់
* ខេត្តបាត់ដំបង ១៩,៩៧០នាក់
* ខេត្តកំពង់ចាម ១៤,១៦១នាក់
* ខេត្តកែប ១០,៨៧៨នាក់។
ឯកឧត្តម លើកឡើងថា ក្រៅពីភ្ញៀវទេសចរដែលបានដើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោល ដៅទេសចរណ៍នានាខាងលើ ប្រជាពលរដ្ឋក៏បានប្រមូលផ្តុំគ្នាច្រើននៅតាមផ្សារទំនើបនានា ដែល មានការតុបតែងលម្អបុណ្យគ្រីសស្មាស់ ហើយកន្លែងខ្លះក៏មានការប្រគុំតន្រ្តី និងកម្មវិធីកម្សាន្ត នានាផងដែរ។
ឯកឧត្តម រដ្ឋមន្ត្រីបានបន្តថា វិស័យឯកជនបន្តមានសុទិដ្ឋិនិយមសម្រាប់ចរន្តភ្ញៀវទេសចរនាចុង ឆ្នាំ២០២២នេះ ពិសេសការត្រៀមទទួលភ្ញៀវទេសចរសម្រាប់ពិធីបុណ្យឆ្លងឆ្នាំសាកល (Countdown) នៅចុងសប្តាហ៍នេះ។
រដ្ឋបាលរាជធានី-ខេត្តបាននិងកំពុងរៀបចំតុបតែងលម្អក្នុងមូលដ្ឋានរបស់ខ្លួន រួមជាមួយការរៀបចំ កម្សាន្តសប្បាយនានា ដូចជាការប្រគុំតន្រី និងការបាញ់កាំជ្រួចអបអរសាទរជាដើម។
ក្រសួងទេសចរណ៍ក៏បានដាក់ចេញសារាចរពង្រឹងគុណភាពផលិតផលទេសចរណ៍ និងការគ្រប់គ្រង ចរន្តភ្ញៀវទេសចរនាឱកាសពិធីបុណ្យឆ្លងឆ្នាំសាកលនេះផងដែរ។
សម្រាប់រយៈពេល១១ខែ ឆ្នាំ២០២២នេះ យើងទទួលបានភ្ញៀវទេសចរជាតិចំនួនប្រមាណ១១.៦៤ លាននាក់ និងភ្ញៀវអន្តរជាតិមានចំនួនប្រមាណ១.៩១លាននាក់។
តាមការព្យាករណ៍ សម្រាប់ពេញមួយឆ្នាំ២០២២នេះ យើងអាចនឹងទទួលបានភ្ញៀវទេសចរជាតិ សរុបប្រមាណ១២.៥-១៣លាននាក់ លើសពីផែនការដែលបានកំណត់ក្នុងផែនទីចង្អុលផ្លូវស្តីពីការ ស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ ខណៈដែល ភ្ញៀវទេសចរអន្តរជាតិនឹងកើនឡើងដល់ប្រមាណ២.២លាននាក់ ក្នុងឆ្នាំ២០២២នេះ៕