បេតិកភណ្ឌរស់នៃរមណីយដ្ឋានអង្គរជាផ្នែកមួយក្នុងការទាក់ទាញទេសចរក្រៅពីប្រាសាទ

ខេត្តសៀមរាប ៖ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានលើកឡើងថា ក្រៅពីប្រាសាទដ៏ល្បីលាញ ឧទ្យានអង្គរនៅមានមរតករស់ដែលគេហៅថាជា បេតិកភណ្ឌអរូបីដូចជា ទំនៀមទម្លាប់ ប្រពៃណី ពិធីបុណ្យទាន បន់ស្រន់ សាសនា ព្រមទាំងសិប្បកម្ម និងរបៀបរបបរស់នៅប្រចាំថ្ងៃដែលអ្នកស្រុកនៅតំបន់អង្គរបានប្រកាន់ខ្ជាប់ខ្ជួន និងប្រតិបត្តិតៗគ្នារាប់ជំនាន់មកហើយ។

ក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ បន្តថា ទាំងនេះសុទ្ធសឹងជាអ្វីដែលភ្ញៀវទេសចរចង់ឃើញ ចង់ដឹង និងចង់ស្រាវជ្រាវស្វែងយល់អំពីមរតករស់ក្រៅពីប្រាសាទ។ ការរៀបចំភូមិឋាន ផ្ទះ កន្លែងសិប្បកម្មតាមបែបបុរាណ មធ្យោបាយធ្វើដំណើរតាមរទេះគោ សុទ្ធតែជាផលិតផលបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរទស្សនា ដែលទទួលបានបទពិសោធន៍ ហើយនាំអារម្មណ៍ភ្ញៀវទាំងនោះឱ្យមើលឃើញអំពីរបៀបរបបនៃការរស់នៅរបស់ប្រជាជនខ្មែរយើងកាលពីសម័យអង្គរ។

លោកបន្តទៀតថា បច្ចុប្បន្នប្រពៃណីមួយចំនួន ដែលអ្នកនៅតំបន់ផ្សេងៗបានបំភ្លេចចោល ឬមិនសូវយកចិត្តទុកដាក់ ហើយអ្នកស្រុកតំបន់អង្គរនៅតែកំពុងបន្តប្រតិបត្តិនៅឡើយ ដូចជា ពិធីកោរជុក ពិធីឡើងអ្នកតា ពិធីហៅទឹកភ្លៀង ពិធីហៅព្រលឹង។ល។ អាជ្ញាធរជាតិអប្សរា ដែលមានភារកិច្ចគ្រប់គ្រងនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ កំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើទំនៀមទាំងអស់នេះ ដោយធ្វើយ៉ាងណាឱ្យទំនៀមទាំងអស់នេះអាចគង់វង្សតកូនតចៅរហូតទៅ និងអាចទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា តំបន់អង្គរ ឬរមណីយដ្ឋានអង្គរ ដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកនេះនាឆ្នាំ១៩៩២ មានផ្ទៃដីសរុប៤០១ គីឡូម៉ែត្រក្រឡា ដែលក្នុងនោះរួមមានទាំងប្រាសាទ បុរាណដ្ឋាន ស្ថានីយបុរាណវិទ្យាចំនួន៩១ បរិស្ថាន និងសហគមន៍មនុស្សផងដែរ៕