ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញទៅកាន់ខេត្តព្រះសីហនុ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ដើម្បីជួបស្វាគមន៍ដោយផ្ទាល់ជាមួយទេសចរចម្រុះនៅលើនាវាទេសចរណ៍ Westerdam របស់សហរដ្ឋអាមេរិក ដែលកំពុងចតនៅកំពង់ផែក្រុងព្រះសីហនុ។ ការសម្រេចនេះ នៅបន្ទាប់ពីសម្តេចបានអនុញ្ញាតឲ្យនាវានោះអាចចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។ ក្នុងចំណោមអ្នកនៅលើនាវាជាង២ពាន់នាក់ មានចំនួន ៥០០នាក់់ នឹងត្រូវបញ្ជូនតាមជើងយន្តហោះនៅព្រលានកងកេង ឆ្ពោះមកព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងបន្តទៅតាមគោលដៅរបស់ពួកគេ ខណៈនាវានេះ ត្រូវបានអនុញ្ញាតឲ្យសំចតនៅកម្ពុជា តែមួយថ្ងៃប៉ុណ្ណោះ។
យោងតាមហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ នាព្រលប់ថ្ងៃទី១៣ ខែកុម្ភៈ នេះ បានបង្ហាញថា ៖ អរគុណសន្តិភាព ! ដោយសារតែកម្ពុជា មានសន្តិភាពទើប ខ្ញុំហ៊ានសម្រេចចិត្តទទួលយកនាវាទេសចរណ៍ដ៏ធំដែលគ្មានកន្លែងចូលចតឱយមកចូលចតនៅកំពង់ផែ ក្រុងព្រះសីហនុដើម្បីជួយដល់អ្នកដែលស្ថិតនៅលើ នាវាអស់រយះពេល១៣ថ្ងៃ មកហើយឱយបានវឹលត្រឡប់ទៅប្រទេសពួកគេវិញដោយសុវត្ថិភាព។
ព្រឹកស្អែកថ្ងៃ១៤ កុម្ភៈ ២០២០ ខ្ញុំនឹងទៅស្វាគមន៍ពួកគេនៅខេត្តព្រះសីហនុ ក្នុងឋានៈជាម្ចាស់ផ្ទះ ដែលមានសាមគ្គីភាព និងការទទួលខុសត្រូវ។ សុំអរគុណ អង្គការសុខភាពពិភពលោក និងប្រទេសនាៗដែលមានពលរដ្ឋខ្លួនស្ថិតនៅលើនាវាដែលបានផ្តល់នូវការជឿទុកចិត្តដល់កម្ពុជា។ ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អ ក្នុងពេលលំបាក ។
លោក ឃាង ភិរម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានថ្លែងថា ក្រុមការងារខេត្តព្រះសីហនុ ក៏បានរៀបចំរថយន្តក្រុង ប្រមាណ៣០ គ្រឿងសម្រាប់ដឹកជញ្ជូនអ្នកដំណើរជាង៥០០នាក់នេះ ពីនាវាទៅកាន់ព្រលានយន្តហោះកងកេងខេត្តព្រះសីហនុ ហោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងហោះហើរបន្តទៅកាន់ប្រទេសគោលដៅដែលពួកគេបានកំណត់។ ទោះយ៉ាងណា អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អ្នកកាសែតដែរថា ការងារនេះ គឺត្រូវធ្វើឡើងរយៈពេលតែ១ថ្ងៃប៉ុណ្ណោះ ដោយមិនអនុញ្ញាតឲ្យអ្នកទេសចរទាំងនោះស្នាក់នៅខេត្តព្រះសីហនុទេ។
គួរបញ្ជាក់ថា នាវាទេសចរណ៍ Westerdam ដឹកមនុស្សសរុបជាង ២.២០០នាក់ ក្នុងនោះអ្នកដំណើរ ១,៤៥៥នាក់ និងបុគ្គលិកនាវាចំនួន ៨០២នាក់ បានចូលចត នៅកំពង់ផែ ខេត្តព្រះសីហនុហើយ នៅវេលាម៉ោង ៦ ល្ងាច ថ្ងៃទី១៣ ខែកុម្ភៈ នេះ។ អ្នកដំណើរលើនាវា រួមមាន៤១ ជាតិសាសន៍ ក្នុងនោះ មានជនជាតិអាមេរិកច្រើនជាងគេ រហូតដល់៦៥១នាក់ បន្ទាប់មកជនជាតិកាណាដា ២៧១នាក់ និងអង់គ្លេស១២៧នាក់ រួមនឹងជាតិសាសន៍ដទៃផ្សេងទៀត។ នាវាទេសចរណ៍នេះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Holland America ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
នាវា Westerdam បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែវាត្រូវបានមិនត្រូវបានស្វាគមន៍ដោយអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង និងកោះហ្គាំ (អាមេរិក) ផងដែរ បានបដិសេធមិនឲ្យចូលចតោនោះឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនាវានោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19) ហើយទើបពួកគេត្រូវបានអនុញ្ញាតឲ្យចូលសំចតនៅកម្ពុជា