ក្រសួងសេដ្ឋកិច្ច រៀបចំសេចក្តីព្រាងផែនការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំឡើងនូវសេចក្តីព្រាងផែនការសកម្មភាពសម្រាប់អនុវត្តយុទ្ធ សាស្រ្ត នៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥ ហើយសេចក្តីព្រាងផែនការសកម្ម ភាពមួយនេះត្រូវបានលើកជារបៀបវារៈសម្រាប់សិក្ខាសាលាកាលពីម្សិលមិញ ដោយមានការចូលរួមពីគ្រប់ ផ្នែកពាក់ព័ន្ធ សរុបចំនួនជិត ៤០០នាក់ ដោយបានពិគ្រោះយោបល់ និងប្រមូលធាតុចូលបន្ថែមទៀត សំដៅធានាឱ្យការរៀបចំសេចក្តីព្រាងផែនការសកម្មភាពសម្រាប់អនុវត្តយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធលទ្ធ កម្មសាធារណៈឆ្នាំ២០១៩-២០២៥នេះ មានភាពគ្រប់ជ្រុងជ្រោយអាចដាក់ឱ្យអនុវត្តបានដោយរលូន។

ក្នុងសិក្ខាសាលានេះ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ហ៊ីវ សុវណ្ណ បានគូស បញ្ជាក់ថា យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥ ត្រូវបានអនុម័ត ដោយរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ និងបានប្រកាសដាក់ឱ្យអនុវត្តរួមគ្នា ជាមួយ យុទ្ធសាស្ត្រចំនួន២ផ្សេងទៀត ដោយការរៀបចំសេចក្ដីព្រាងផែនការសកម្មភាពកែទម្រង់ប្រព័ន្ធលទ្ធកម្មសា ធារណៈឆ្នាំ ២០១៩-២០២៥ គឺផ្អែកទាំងស្រុងលើផែនទីចង្អុលផ្លូវ ដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្ត នៃការ កែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩ -២០២៥។

ដោយឡែក ឯកឧត្តមបណ្ឌិត ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយក ដ្ឋានលទ្ធកម្មសាធារណៈមានអនុសាសន៍ថា ដើម្បីសម្រេចបាននូវគោលបំណង និងទិសដៅយុទ្ធសាស្ត្រនៃ ការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥ គឺចាំបាច់តម្រូវឱ្យមានការរៀបចំផែនការសកម្ម ភាពលម្អិតសម្រាប់អនុវត្តយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥។ ជាមួយ គ្នានេះ អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈបានរៀបចំសេចក្ដីព្រាងផែនការសកម្មភាពនេះ ដោយផ្អែកទាំងស្រុង លើផែនទីចង្អុលផ្លូវ ដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩ -២០២៥ ដោយបំបែកជាសកម្មភាពលម្អិត និងបានកំណត់ច្បាស់ពីក្របខណ្ឌពេលវេលាទៅតាមត្រីមាស នីមួយៗនៃឆ្នាំ ព្រមទាំងបានកំណត់ច្បាស់លាស់ពីអង្គភាព/ស្ថាប័នទទួលខុសត្រូវលើការអនុវត្តសកម្មភាពកែទម្រង់នីមួយៗសម្រាប់អនុវត្តរយៈពេល ៧ឆ្នាំគឺចាប់ពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២៥។

សេចក្ដីព្រាងឯកសារផែនការសកម្មភាពនេះ ត្រូវបានរៀបចំចេញជា ៥ផ្នែក រួមមាន៖ ១.ការរៀបចំ និង ការអនុម័តផែនការលទ្ធកម្ម, ២.ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ, ៣.ការត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តកិច្ចលទ្ធកម្ម, ៤.ការពង្រឹងឯករាជ្យភាពនៃយន្តការដោះស្រាយបណ្តឹងតវ៉ា និង ៥.ហេដ្ឋារចនាសម្ព័ន្ធ ទ្រទ្រង់ដែលរួមមាន៖ ការកែលម្អក្របខ័ណ្ឌគតិយុត្តពាក់ព័ន្ធលទ្ធកម្មសាធារណៈ ការរៀបចំសៀវភៅណែនាំស្តីពីលទ្ធកម្មសាធារណៈ ការសិក្សាអំពីការប្រើប្រាស់លទ្ធកម្មសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិច និងការ កសាងសមត្ថភាពជាដើម៕