(កៀវ)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២គឺ យោធាអ៊ុយក្រែនបានឱ្យដឹងថាយន្ដហោះដ្រូនសាហ៊ីដ (Shahed) ផលិតដោយ អ៊ីរ៉ង់ចំនួន៩ គ្រឿង ត្រូវបានបាញ់ទម្លាក់នៅក្នុងដែនអាកាសនៃរដ្ឋធានីកៀវ នៅព្រឹកថ្ងៃចន្ទនេះ ចំពោះមុខការ បង្កើនយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី។ នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Telegram យោធាអ៊ុយក្រែនការពាររដ្ឋធានី បានគូសបញ្ជាក់ដូច្នេះថា «ប្រព័ន្ធការពារដែនអាកាសក្នុងរដ្ឋធានី កៀវ នៅតែបន្តប្រុងជើងការខ្ពស់ និងកំពុងដំណើរ…ដោយសត្រូវបានវាយប្រហារលើរដ្ឋធានីជាមួយយន្ដហោះដ្រូនអត្តឃាតសាហ៊ីដ»។ ប៉ុន្តែ មិនទាន់មានការបញ្ជាក់ លម្អិតថាតើយន្ដហោះដ្រូនមានចំនួនប៉ុន្មាននោះទេ ហើយក៏មិនទាន់ មានសេចក្ដីរាយការណ៍ថាតើមានជនរងគ្រោះដែរឬក៏យ៉ាងណានោះដែរ?
គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ កន្លងទៅនេះ បាននិយាយថាកិច្ចការពារព្រំដែន គឺជាអាទិភាពជានិរន្តរ៍ ហើយប្រទេសរបស់លោក បានត្រៀមខ្លួនជាស្រេចសម្រាប់សេណារីយ៉ូទាំងឡាយ ជាមួយរុស្ស៉ីក៏ដូចជាបេឡារុសដែលជា សម្ព័ន្ធមិត្ត របស់ទីក្រុងមូស្គូ និងដែលទីក្រុងកៀវ បានព្រមានថាអាចនឹងចូលរួមនៅក្នុងសង្រ្គាម សព្វថ្ងៃ។
លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសុន្ទរកថាតាមវីដេអូមួយកាលពីយប់ថ្ងៃ អាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ទៅកាន់ប្រជាជនអ៊ុយក្រែន អមជាមួយការអំពាវនាវឱ្យបណ្ដា ប្រទេសលោកខាងលិចបញ្ជូនអាវុធបន្ថែម ក្នុងនោះរួមមានប្រព័ន្ធអាវុធការពារដែនអាកាសមកឱ្យ ទីក្រុងកៀវជាបន្ទាន់ ដើម្បីទប់ទល់ នឹងការទម្លាក់គ្រាប់បែកពីសំណាក់រុស្ស៉ី ខណៈលោក ពូទីន នឹងបំពេញទស្សនកិច្ចទៅកាន់បេឡារុស នៅដើមសប្ដាហ៍នេះ៕