កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះ រៀបចំវេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣


 (ព្រះសីហនុ)៖ កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៤-២៨ ខែមេសា នៅខេត្តព្រះសីហនុ ដែលវេទិកានេះធ្វើឡើងក្រោមប្រធានបទ៖ ការគិតគូឡើងវិញពីភាពធន់ និងប្រព័ន្ធឌីជីថល ក្នុងវិស័យទេសចរណ៍ (Rethinking for Resilience and Digitalization) ដើម្បីចូលរួមចំណែកក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញ។

នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍ បានដឹកនាំក្រុការងារបច្ចេកទេសជួបពិភាក្សាជាមួយលោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក សៀង នាគ អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ លោក កាន់ ភារៈ អគ្គនាយកក្រុមហ៊ុនខ្មែរដាយគ្រុប តំណាងសណ្ឋាគារព្រីនថាម៍ និងសណ្ឋាគារពាក់ព័ន្ធនានា ដើម្បីប្រជុំពិភាក្សានិងផ្តល់យោបល់លើការត្រៀមរៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ខាងលើនេះ។

លោក ថោង រដ្ឋសក្តិ បានថ្លែងថា ការរៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ធ្វើឡើងក្នុងគោលបំណងដើម្បីចូលរួមចំណែកក្នុងការស្តារឡើងវិញវិស័យទេសចរណ៍ និងជំរុញផ្សព្វផ្សាយគោលដៅទេសចរណ៍របស់ប្រទេសមហាអនុតំបន់ (Great Mekong Sub-region) ឲ្យកាន់តែផុលផុសបន្ថែមទៀត។

លោក ថោង រដ្ឋសក្តិ បានបន្តថា សម្រាប់កម្ពុជានឹងយកវេទិកានេះជំរុញផ្សព្វផ្សាយសម្រាប់យុទ្ធនាការទស្សនាកម្ពុជាឆ្នាំ២០២៣ (Visit Cambodia Year 2023) និងការធ្វើជាម្ចាស់ផ្ទះនៃប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ (32th SEA Games and 12th Para Games 2023) ផងដែរ។

លោក មីន កុម្ភៈ បានថ្លែងថា ខេត្តព្រះសីហនុមានកិត្តិយសធ្វើជាម្ចាស់ផ្ទះវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ដែលនឹងទទួលភ្ញៀវជាតិនិងអន្តរជាតិដោយផ្ទាល់ប្រមាណ២០០នាក់ ហើយរដ្ឋបាលខេត្តព្រះសីហនុបានត្រៀមខ្លួនជាស្រេចគ្រប់រូបភាព ដើម្បីជ្រោមជ្រែងកម្មវិធីខាងលើឲ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានផ្លែផ្កា។

ឆ្លងតាមកិច្ចពិភាក្សា អង្គប្រជុំទទួលបានពិនិត្យរបៀបវារៈកម្មវិធី និងការត្រៀមរៀបចំពិធីការទទួលស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិដែលនឹងមកដល់ខេត្តព្រះសីហនុនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ និងត្រឡប់វិញនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ព្រមទាំងការត្រៀមរៀបចំការដឹកជញ្ជូន ហូបចុក ស្នាក់នៅ និងការការពារសុវត្ថិភាពរបស់ភ្ញៀវ។

អង្គប្រជុំបានសម្រេចជ្រើសរើសទីតាំងសណ្ឋាគារព្រីនថាម៍ ដើម្បីរៀបចំព្រឹត្តិការណ៍ខាងលើ ដោយមានកិច្ចប្រជុំក្រុមការងារទេសចរណ៍ មហាអនុតំបន់មេគង្គលើកទី៥១ (51st GMS TWG) និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO Board Meeting) នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ (Mekong Tourism Forum 2023) នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ កម្មវិធីទទួលអាហារស្វាគមន៍ និងកម្មវិធីលាយសោយភោជន៍។

អង្គប្រជុំក៏បានពិនិត្យលទ្ធភាព ដើម្បីជ្រើសរើសសណ្ឋាគារ Xihu និងសណ្ឋាគារ Jign Bie ដើម្បីជាសណ្ឋាគារដៃគូសម្រាប់ទទួលការស្នាក់នៅរបស់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ។

អង្គប្រជុំបានពិនិត្យលទ្ធភាព ក្នុងការជំរុញការចលនាទេសចរណ៍ ក្នុងស្រុកតាមរយៈការរៀបចំកញ្ចប់ទស្សនកិច្ច (Post-Tour) ជូនភ្ញៀវជាតិនិងអន្តរជាតិ ដោយផ្តោតសំខាន់លើកញ្ចប់ទស្សនកិច្ច ដើម្បីទស្សនាតំបន់សក្តានុពលទេសចរណ៍នានា របស់ខេត្តព្រះសីហនុនៅលើគោក និងបានពិភាក្សាជាមួយក្រុមហ៊ុនខ្មែរដាយគ្រុប (Khmer Dive Group) ដើម្បីជំរុញទេសចរណ៍បាតសមុទ្រ សំដៅលើការផ្សព្វផ្សាយសក្តានុពល បាតសមុទ្រកម្ពុជា និងការអភិរក្សធនធានបាតសមុទ្រផងដែរ។

អង្គប្រជុំបានឯកភាព ដើម្បីជំរុញការផ្សព្វផ្សាយទាំងផ្ទាល់ និងតាមប្រព័ន្ធឌីជីថលឲ្យបានកាន់តែផុលផុសបន្ថែមទៀត ដោយក្នុងនោះរដ្ឋបាលខេត្តព្រះសីហនុ បានឯកភាព ដើម្បីឲ្យក្រុមការងារចងបដាផ្សព្វផ្សាយអំពីកម្មវិធី និងសក្តានុពលទេសចរណ៍នានា នៅតាមគោលដៅសំខាន់ជុំវិញខេត្តផងដែរ៕