(យូអិន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០២២ បានអោយដឹងថា សហរដ្ឋអាមេរិក និងរុស្ស៉ី នៅថ្ងៃអង្គារសប្ដាហ៍នេះបានចោទប្រកាន់គ្នាទៅវិញទៅ មកពីរឿងមិនអើពើលើកិច្ចចរចាសនិ្តភាព ខណៈមានការអំពាវនាវកាន់តែ ច្រើនឡើងនៅឯអង្គការ សហប្រជាជាតិឱ្យមានបទឈប់បាញ់ និងដំណោះស្រាយការទូត ដើម្បីបិទបញ្ចប់សង្រ្គាមនៅអ៊ុយ ក្រែន ដែលបង្កឡើងដោយការឈ្លានពានរបស់ ទីក្រុងមូស្គូ អស់រយៈពេលជាង៩ខែមកនេះ។
ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំអង្គការសហប្រជាជាតិ (UN) លោក វ៉ាស់ស៊ីលី ណេបិនហ្ស៉ីយ៉ា (Vassily Nebenzia) បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ស្ដីពីស្ថានភាព មនុស្សធម៌នៅក្នុងប្រទេស អ៊ុយក្រែនថា ទីក្រុងមូស្គូបានទទួលដឹងពីការអំពាវនាវពីសមាជិក UN ភាគច្រើនឱ្យមានការផ្សះផ្សា គ្នាតាមផ្លូវការទូត ហើយក៏ធ្លាប់បានបញ្ជាក់ពី ចេតនាចង់ចូលរួមក្នុងកិច្ចចរចាផងដែរ។ ប៉ុន្តែ លោក ណេបិនហ្ស៉ីយ៉ាបានចោទប្រកាន់ថាបណ្ដាប្រទេសលោកខាងលិចមិនអើពើចំពោះការផ្សះផ្សាគ្នាតាមផ្លូវការទូត នោះទេ ដោយនៅតែបន្តបង្កើនការបញ្ជូនអាវុធឱ្យទីក្រុងកៀវ។
ក្នុងពេលជាមួយគ្នានោះដែរ ឯអគ្គរដ្ឋទូតរងអាមេរិកប្រចាំ UN លោកស្រី លីសា ខាធី (Lisa Carty) បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ UN ថាការបង្កើនការវាយប្រហាររបស់ រុស្ស៉ីលើហេដ្ឋារចនាសម្ព័ន្ធនៅ ក្នុងប្រទេសអ៊ុយក្រែន ជាភស្ដុតាងមួយបង្ហាញយ៉ាងច្បាស់ថាលោក ពូទីន មិនចាប់អារម្មណ៍ចំពោះ កិច្ចចរចា និងដំណោះស្រាយការទូត នោះទេ ហើយផ្ទុយទៅវិញ លោកបែរជាព្យាយាមបំបាក់ស្មារតី ប្រយុទ្ធរបស់អ៊ុយក្រែន ដោយការទម្លាក់គ្រាប់បែក និងបង្កកប្រជជនអ៊ុយក្រែនឱ្យចុះញ៉មទៅវិញ ថែមទៀត ផង។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខ UN បានកោះប្រជុំរាប់សិបលើកមកហើយ ចាប់តាំងពីរុស្ស៉ី បើកការឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈមក ប៉ុន្តែមិនអាចចាត់វិធានការ មានប្រសិទ្ធភាពណា មួយនោះទេ ស្របពេលរុស្ស៉ីតែងតែប្រើសិទ្ធិវេតូ៕