(តេហេរ៉ង់)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៦ ខែធ្នូ ឆ្នាំ២០២២ អោយដឹងថា ទីភ្នាក់ងារសារព័ត៌មាន Tasnim បាននិយាយថា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានចាប់ខ្លួនសមាជិក ១២នាក់ នៃក្រុមដែលមានទំនាក់ទំនងជាមួយអឺរ៉ុប ដែលត្រូវបានចោទប្រកាន់ ពីបទ រៀបចំផែនការប្រព្រឹត្តអំពើបំផ្លិចបំផ្លាញនៅក្នុងប្រទេស។
សាធារណរដ្ឋអ៊ីរ៉ង់ត្រូវបានរញ្ជួយអស់រយៈពេលជាងពីរខែមកហើយ ដោយសារអ្វីដែលប្រទេសនេះ ហៅថា «កុប្បកម្ម» ដ៏សាហាវ ដែលខ្លួននិយាយថា ត្រូវបានបង្កឡើងដោយសហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត និងក្រុមប្រឆាំងដែលមានមូលដ្ឋាននៅបរទេស។
អំពើហឹង្សាតាមដងផ្លូវបានផ្ទុះឡើង នៅពាក់កណ្តាលខែកញ្ញាបន្ទាប់ពីការស្លាប់របស់ កញ្ញា Mahsa Amini ស្ត្រីជនជាតិអ៊ីរ៉ង់អាយុ ២២ឆ្នាំ ដែលមានដើមកំណើតឃឺដ នៅក្នុងការឃុំឃាំងរបស់ប៉ូលីស សីលធម៌ក្នុងទីក្រុងតេហេរ៉ង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានដកស្រង់ដោយ Tasnim កងឆ្មាំបដិវត្តន៍អ៊ីស្លាមនៅក្នុង ខេត្ត Markazi ភាគនិរតីនៃទីក្រុងតេហេរ៉ង់ បាននិយាយថា ខ្លួនបានចាប់ខ្លួន «បណ្តាញមួយដែល មានសមាជិក ១២នាក់ដែលមានទំនាក់ទំនងនៅបរទេស»។
សេចក្តីថ្លែងការណ៍បានចោទប្រកាន់ថាពួកគេថា «ស្ថិតនៅក្រោមការណែនាំរបស់ភ្នាក់ងារប្រឆាំងបដិវត្តន៍ ដែលរស់នៅក្នុងប្រទេសអាល្លឺម៉ង់ និងហូឡង់។ ហើយបានអនុវត្តសកម្មភាពប្រឆាំងនឹងសន្តិសុខ ជាតិអ៊ីរ៉ង់»។
សេចក្តីថ្លែងការណ៍បានបង្កត់ធ្ងន់ថា «ពួកគេព្យាយាមទិញអាវុធ និងមានបំណងធ្វើអំពើវិទ្ធង្សនា» ប៉ុន្តែត្រូវបានចាប់ខ្លួន មុនពេលអាចធ្វើដូច្នេះបាន៕