រដ្ឋមន្ដ្រីកសិកម្មលើកឡើងថា នាពេលខាងមុខ ក្រសួងមានបំណងបែងចែកផលិតកសិកម្មនាំចូល និងផលិតក្នុង ស្រុក ដើម្បីឲ្យពលរដ្ឋងាយស្រួលជ្រើសរើស

(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះ បានគូសបញ្ជាក់ថា នាពេលខាងមុខ ក្រសួងមានបំណង់ចង់ឲ្យមានការបែងចែក ផលិតកសិកម្មនាំចូល និងផលិតកសិកម្មក្នុងស្រុក ដើម្បីឲ្យប្រជាពលរដ្ឋ មានភាពងាយស្រួល ក្នុងការជ្រើសរើស និងដើម្បីឲ្យប្រជាពលរដ្ឋមានការគាំទ្រផលិតក្នុងស្រុក។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក ឌិត ទីណា រៀបចំកិច្ចសំណេះសំណាលជា មួយសារព័ត៌មាន ស្តីពី «វិស័យកសិកម្មនៅកម្ពុជា»។ កិច្ចសំណេះសំណាលនេះ ធ្វើឡើងនៅទីស្តី ការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះ។

លោក ឌិត ទីណា បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថា ពេលវេលាមួយសាកសម គឺប្រភពដើមនៃ ទំនិញត្រូវតែមាន។ នៅទីផ្សារឧទាហរណ៍ថា បើលក់ត្រកួនដូចគ្នា ត្រកួននេះនាំចូល ត្រកួននេះក្នុង ស្រុក ដាក់ទៅ ទុកឲ្យអ្នកហូបគាត់រើស ប៉ុន្ដែសុំឲ្យសុចរិតភាពទាំងអស់គ្នា ហើយយើងនឹងធ្វើ ខ្ញុំគិតថា អាចធ្វើបាន ដោយអំពាវនាវដល់ទឹកចិត្ដជាតិនិយមទាំងអស់គ្នា»

លោក ឌិត ទីណា បានលើកឡើងថា​ ពាក់ព័ន្ធនឹងការនាំចេញនាំចូល បងប្អូនប្រជាពលរដ្ឋទាំងអស់ គ្នា​ មានចរិកជាតិនិយម ប៉ុន្តែជាមួយគ្នានេះ ក៏ត្រូវគិតចំពោះនូវស្ថានភាពសេដ្ឋកិច្ចផងដែរ។ លោកថា ការពិនិត្យនូវតុល្យភាពនៃការនាំចេញនាំចូល គឺត្រូវគោរពច្បាប់អន្តរជាតិ ត្រូវគោរពលើគោលការណ៍ អនាម័យ។

លោកសង្កត់ធ្ងន់ថា «បើសិនជាផលិតផលមិនល្អ កម្ពុជាមានសិទ្ធិមិនឲ្យនាំចូល ប៉ុន្ដែបើសិនជាផលិត នោះល្អ ហើយមានតម្លៃថោក មិនឲ្យគេនាំចូល គេក៏មានសិទ្ធ មិនឲ្យយើងនាំចូលដូចគ្នា»