(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកតំណាងរាស្ត្រ ហ្គ្រឺហ្គូរី មីក (Gregory W. Meeks) ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្រ្តសហរដ្ឋ អាមេរិក បានប្តេជ្ញាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-សហ រដ្ឋអាមេរិក។
ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមាន សន្តិភាព ក្នុងឱកាសដែលលោកតំណាងរាស្រ្តមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមមហា សន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA)។
សេចក្តីប្រកាសព័ត៌មានដែលទទួលបាននៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឲ្យដឹងថា ក្នុងជំនួប នោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះសភាតំណាង រាស្រ្តសហរដ្ឋអាមេរិក ដែលបានក្លាយជាសភាសង្កេតការណ៍របស់AIPA។
សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចដាច់ដោយឡែកពីគ្នាមកកាន់កម្ពុជា នៅ ក្នុងរយៈពេលពីរសប្តាហ៍នេះ របស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ដើម្បីចូលរួមកិច្ច ប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ លោកប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃ សភាតំណាងរាស្រ្ត ហ្គ្រឺហ្គូរី មីក ដើម្បីចូលរួមកិច្ចប្រជុំ AIPA និង លោករដ្ឋមន្ត្រីការពារជាតិ ឡយ អូស្ទីន (Lloyd Austin) ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM-Plus) ដោយ គូសបញ្ជាក់ថា ការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំទាំងនេះ បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ សហរដ្ឋអាមេរិកចំពោះតំបន់ ក៏ដូចជាការផ្តល់តម្លៃដល់កម្ពុជា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះនៃព្រឹត្តិ ការណ៍សំខាន់ៗខាងលើនេះ។
លោកតំណាងរាស្ត្រ ហ្គ្រឺហ្គូរី មីក បានវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំទាំងបីខាងលើប្រកបដោយជោគជ័យ ខណៈដែលតំបន់ និងពិភពលោកកំពុងប្រឈមនឹង បញ្ហាជាច្រើន ហើយលោកក៏បានកោតសរសើរសម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះភាពជាអ្នកដឹក នាំរបស់សម្តេច ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ ផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកអំពីដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ទីក្រុងវ៉ាស៊ីនតោន ឌី.ស៊ី កាលពីខែឧសភាកន្លងទៅ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែល រៀបចំឡើងដោយ លោកប្រធានាធិបតី ចូ បៃដិន ហើយដែលជាឱកាសសម្រាប់កម្ពុជាចូលរួមចំ ណែកក្នុងនាមជាប្រធានអាស៊ានប្តូរវេន ដល់ការលើកកម្ពស់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» និងបានរំលឹកអំពីជំនួបប្រកប ដោយស្ថាបនា រវាងរូបសម្តេចផ្ទាល់ និងលោកប្រធានាធិបតី ចូ បៃដិន នាពេលថ្មីៗនេះ ក្នុងឱកាស នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកតំណាងរាស្ត្រ ហ្គ្រឺហ្គូរី មីក បានសម្តែងនូវសេចក្តី ពេញចិត្តចំពោះការវិវត្តនៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក ព្រមទាំងបានពិភាក្សា និងមាន ទស្សនៈដូចគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។ លោកតំណាងរាស្ត្រ បានអះ អាងជូនសម្តេចតេជោថា សហរដ្ឋអាមេរិកចាត់ទុកសម្តេចជា «មិត្ត» ហើយនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្ដេច ខណៈពេល ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក នាពេល បច្ចុប្បន្ន មានភាពល្អប្រសើរជាងពេលណាៗទាំងអស់ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតកាល ពី៧២ឆ្នាំមុន ហើយថាប្រទេសទាំងពីរនឹងក្លាយជាដៃគូនាពេលអនាគត។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្រាបលោកតំណាងរាស្ត្រ ហ្គ្រឺហ្គូរី មីក អំពីដំណើរ ការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ដោយសេរី និងយុត្តិធម៌ នៅខែមិថុនា កន្លងមកនេះ និងការត្រៀមរៀបចំរបស់កម្ពុជា និងគណបក្សនយោបាយនានា សម្រាប់ ការបោះឆ្នោតជាតិនាពេលខាងមុខ។
ឆ្លើយតបនឹងកង្វល់របស់សហរដ្ឋអាមេរិកទាក់ទងនឹងមូលដ្ឋានកងទ័ពជើងទឹករាម សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអះអាងបញ្ជាក់ជាថ្មីពីជំហរម៉ឺងម៉ាត់របស់កម្ពុជា មិនអនុញ្ញាតឱ្យមានវត្តមាន មូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីកម្ពុជា ដូចដែលត្រូវបានហាមឃាត់ដោយរដ្ឋធម្មនុញ្ញ និងបានធានាអំពីតម្លាភាពក្នុងការប្រើប្រាស់កំពង់ផែនេះ ផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកតំណាងរាស្ត្រ ហ្គ្រឺហ្គូរី មីក ក៏បានផ្លាស់ប្តូរទស្សនៈ លើការវិវឌ្ឍសំខាន់ៗក្នុងតំបន់ និងសកលលោកផងដែរ រួមទាំងស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា និងសង្រ្គាមនៅប្រទេសអ៊ុយក្រែន ហើយដែលក្នុងឱកាសនោះ លោកតំណាងរាស្ត្រ បានកោត សរសើរសម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់គោលជំហររបស់កម្ពុជាចំពោះសង្គ្រាមនៅអ៊ុយក្រែន និងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។
កិច្ចប្រជុំបានប្រព្រឹត្តទៅដោយលក្ខណៈត្រង់ទៅត្រង់មក និងក្នុងបរិយាកាសមិត្តភាព និងស្និទ្ធស្នាល ៕