អាមេរិកដាក់ទណ្ឌកម្មថ្មីលើក្រុមហ៊ុនចិន និងអេមីរ៉ាតអារ៉ាប់រួមដោយសារការគេចវេសពីទណ្ឌកម្មអ៊ីរ៉ង់

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួន១៣ ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន ក្រុងហុងកុង និងអេមីរ៉ាតអារ៉ាប់រួម ដែលទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ថាបានសម្របសម្រួលការលក់ផលិតផលគីមីឥន្ធនៈ និងប្រេងរបស់អ៊ីរ៉ង់ទៅកាន់អ្នកទិញនៅអាស៊ីបូព៌ា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ចំណាត់ការចុងក្រោយបំផុតរបស់អាមេរិកប្រឆាំងនឹងការគេចវេសពីទណ្ឌកម្មលើអ៊ីរ៉ង់នេះកើតមានឡើងនៅពេលដែលកិច្ចប្រឹងប្រែងដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ របស់អ៊ីរ៉ង់បានជាប់គាំង ហើយទំនាក់ទំនងរវាងសាធារណរដ្ឋអ៊ីស្លាមមួយនេះនិងប្រទេសលោកខាងលិចកាន់តែតានតឹង ខណៈពេលដែលប្រជាជនអ៊ីរ៉ង់បន្តការតវ៉ាប្រឆាំងរដ្ឋាភិបាល។


ទីក្រុងវ៉ាស៊ីនតោនបានកំណត់គោលដៅកាន់តែខ្លាំងឡើងទៅលើក្រុមហ៊ុនចិនជុំវិញការនាំចេញគីមីឥន្ធនៈរបស់អ៊ីរ៉ង់ ខណៈដែលការរំពឹងទុកនៃការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរបានមានភាពអាប់អួរ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងរតនាគារសហរដ្ឋអាមេរិកថា ក្រុមហ៊ុនចំនួន១៣ ដែលកាលពីថ្ងៃព្រហស្បតិ៍ត្រូវបានកំណត់មុខសញ្ញាថាបានជួយសម្រួលដល់ការលក់ផលិតផលគីមីឥន្ធនៈនិងប្រេងរបស់អ៊ីរ៉ង់ដែលមានតម្លៃរាប់រយលានដុល្លារទៅកាន់អតិថិជននៅតំបន់អាស៊ីបូព៌ា ដើម្បីដើរតួរជំនួសឱ្យក្រុមហ៊ុនដែលស្ថិតក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក រួមទាំងក្រុមហ៊ុនប្រេងជាតិអ៊ីរ៉ង់ និងក្រុមហ៊ុន Triliance Petrochemical Co Ltd.។
លោក Brian Nelson អនុរដ្ឋមន្ត្រីក្រសួងរតនាគារទទួលបន្ទុកភេរវកម្ម និងស៊ើបការណ៍ហិរញ្ញវត្ថុបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍នេះថា៖ «សកម្មភាពថ្ងៃនេះបង្ហាញឱ្យឃើញបន្ថែមទៀតនូវវិធីសាស្ត្រគេចវេសពីទណ្ឌកម្មដ៏ស្មុគស្មាញដែលអ៊ីរ៉ង់ជួលឱ្យលក់ប្រេង និងផលិតផលគីមីដោយខុសច្បាប់»។
លោកមានប្រសាសន៍៖ «សហរដ្ឋអាមេរិកនឹងបន្តអនុវត្តទណ្ឌកម្មប្រឆាំងនឹងតួអង្គទាំងនោះដែលសម្របសម្រួលការលក់ទាំងនេះ»។
ក្នុងចំណោមអ្នកដែលត្រូវបានកំណត់ទិសដៅនេះ មានក្រុមហ៊ុនរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ដែលក្រសួងរតនាគារអាមេរិកបានចោទប្រកាន់ថាបានមានជាប់ទាក់ទងជាមួយក្រុមហ៊ុន Triliance Petrochemical Co Ltd។
ក្រុមហ៊ុន East Asia Trading Import and Export Trade Co, Ltd. ដែលមានមូលដ្ឋាននៅប្រទេសចិន ក៏ស្ថិតក្នុងបញ្ជីដែរ ដោយទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ថា ក្រុមហ៊ុននេះបានសម្របសម្រួលការដឹកជញ្ជូនប្រេងទៅកាន់អតិថិជនបរទេសសម្រាប់ក្រុមហ៊ុនប្រេងជាតិអ៊ីរ៉ង់ និងក្រុមហ៊ុនធ្វើទីផ្សាររបស់ក្រុមហ៊ុនអ៊ីរ៉ង់នេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕